ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ ជូនប្រជាពលរដ្ឋ មកពី ៧ភូមិ នៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ២២១បណ្ណ


នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ ជូនប្រជាពលរដ្ឋ មកពី ៧ភូមិ នៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ២២១បណ្ណ ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៥៥គ្រួសារ ដែលបានប្រព្រឹត្តទៅបរិវេណសាលាឃុំកាហែងផ្ទាល់។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ជាពិសេស លើការងារចុះបញ្ជីកម្មសិទ្ធដីធ្លី ដែលជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ភាពស្របច្បាប់នូវការកាន់កាប់ទ្រព្យសម្បត្តិរបស់បងប្អូន។
មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ អ៊ំពូមីង ខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ ជាពិសេសក្រុមការងារទាំងអស់ នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺក្នុងការជំរុញការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ។ ឯកឧត្តម សូមចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់វិញ្ញាបនបត្រអចលនវត្ថុទាំងអស់ ដែលបានទទួលបណ្ណកម្មសិទ្ធិដីធ្លីក្នុងថ្ងៃនេះ។