ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញបិទអង្គសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ


ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានកោតសរសើរចំពោះបទបង្ហាញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលពោរពេញដោយអត្ថន័យនិងគ្រប់ជ្រុងជ្រោយស្តីពីគោលនយោបាយការបរទេសរបស់កម្ពុជា និងបានបង្ហាញយ៉ាងច្បាស់នូវចក្ខុវិស័យដ៏ឆ្លាតវៃក្នុងការឆ្លើយតបទៅនឹងបរិបទតំបន់ និងអន្តរជាតិដែលកំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ។

ឯកឧត្តមអនុប្រធានទី១ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសភា (ព្រឹទ្ធសភា និងរដ្ឋសភា) និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈការសម្របសម្រួលប្រកបដោយ ប្រសិទ្ធភាពរវាងស្ថាប័នទាំងបី ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តគោលនយោបាយការបរទេស។

ភាពជាដៃគូរវាងស្ថាប័ននេះមិនត្រឹមតែមានលក្ខណៈជាមុខងារប៉ុណ្ណោះទេ តែមានលក្ខណៈជាយុទ្ធសាស្ត្រ ដែលបានរួមចំណែកដល់ការពង្រឹងភាពជឿជាក់ គណនេយ្យភាព និងឯកភាព នៅក្នុងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់កម្ពុជា…។