ឯកអគ្គរដ្ឋទូតវៀតណាម៖ វិស័យអប់រំគឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ


ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលត្រូវបានតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យអប់រំគឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាន និងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា រួមមាន ការផ្តល់អាហារូបករណ៍ ការបង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា ការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងកម្មវិធីផ្សេងៗជាច្រើនទៀត ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសនៃការជួបសម្តែងការគួរសមចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម Nguyen Minh Vu បានបង្ហាញសេចក្តីរីករាយដែលមានឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ យុវជន និងកីឡានាពេលកន្លងមក។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលតែងតែបានផ្តល់ការគាំទ្រ និងជំនួយជាច្រើនដល់វិស័យអប់រំនៅកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ និងការបង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមជាដើម៕