(ស្វាយរៀង)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងរម្លឹកពីការឈឺចាប់គ្មានថ្ងៃបំភ្លេចបាន នៅក្នុងរបបខ្មែរក្រហម ហើយមួយពូជសល់តែឯកឧត្តមម្នាក់គត់ ខណៈឪពុកម្តាយ និងបងប្អូនត្រូវប៉ុលពតសម្លាប់ចោលទាំងអស់។
ការថ្លែងទាំងអ៊ួលដើមក និងហូរទឹកភ្នែករបស់ឯកឧត្តម បានធ្វើឡើងនាឱកាសអញ្ជើញប្រារព្ធពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ស្ថិតនៅវត្តសង្គមរតនារាម ភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ថ្លែងទៅកាន់អង្គពិធី, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ដូច្នេះថា៖ «មួយពូជសល់តែខ្ញុំម្នាក់ឯង និយាយទាំងព្រឺខ្លួន ព្រឺក្បាលនឹកដល់វិញ្ញាណក្ខន្ធឪពុកម្ដាយប្អូនៗ។ ខ្ញុំជាកូនបងគេក្នុងគ្រួសារ ដែលកាលនោះខ្ញុំ មានអាយុ១៥ឆ្នាំ ពេលដែលខ្ញុំបែកពីម្ដាយខ្ញុំទៅ តើកាលនោះគេវាយសម្លាប់ប្អូនខ្ញុំមុន ឬម្ដាយខ្ញុំមុន ឬវាយម្ដងទាំងអស់ នេះហើយជាការឈឺចាប់»។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា នេះមិនមែនជារឿងលេងសើចទេ ដែលជារឿងពាក់ព័ន្ធនឹងប្រជាជនកម្ពុជាទាំងមូល ជាពិសេសជារឿងផ្ទាល់របស់លោកដែលបានជួបប្រទះ។ ឯកឧត្តមបានបន្តថា សូម្បីតែបាយមួយស្លាប ព្រាបក៏ឯកឧត្តមមិនអាចយក ទៅជូនម្ដាយឪពុកឯកឧត្តមផង ខណៈដែលឯកឧត្តមមានលទ្ធភាពជួយមនុស្សបានច្រើន តែជាអកុសលឯកឧត្តមពុំអាចជួយសង្គ្រោះលោកឪពុកអ្នកម្ដាយដែលជាអ្នកមានគុណ និងប្អូនៗរបស់ឯកឧត្តមបាន។ ត្រង់ចំណុចនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា ឯកឧត្តមមិនចង់ឱ្យសោកនាដកម្មនេះកើតឡើងសារជាថ្មីនោះទេ។
សូមជម្រាបថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕