អគ្គនាយកអង្គការសុខភាពពិភពលោក កោតសរសើរសុខាភិ​បាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ


ឯកឧត្តម HE Dr Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ​សុខភាព​ពិភពលោក(WHO)​បានសំដែង​នូវការ​កោតសរសើរ​ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា​ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់ WHO និងបានបញ្ជាក់ការ​គាំទ្រ​​របស់​លោកលើអាទិភាពសំខាន់ៗរបស់សុខាភិបាល​កម្ពុជាដែលបានលើកដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។ការបញ្ជាក់នេះបានកើតឡើងក្នុងឱកាស​ឯកឧត្តមអគ្គ​នាយក​​ទទួលស្វាគមន៍ និងជួប​សំណេះ​​សំណាលការងារជាមួយ​ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជានាទីក្រុងហ្សឺណែវ សហព័ន្ធស្វីស​នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។

ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា កំឡុងពេលចូលរួមមហា​សន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨នៅក្រុងហ្សឺ​ណែវ​ ដែលមានរដ្ឋជាសមាជិក១៩៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលនៃកម្ពុជាត្រូវ​បានទទួលស្វាគមន៍​សំណេះសំណាលជាលក្ខណៈទ្វេភាគីដោយ ឯកឧត្តមអគ្គនាយក​អង្គការសុខភាពពិភពលោក HE Dr Tedros Adhanom Ghebreyesus។

ក្នុងជំនួបដ៏ស្និទ្នស្នាលពិសេសដោយឡែកនេះ ឯកឧត្តមសាស្រ្តា​ចារ្យ​រដ្ឋមន្រ្តី បានជម្រាបជូនដល់ឯកឧត្តមអគ្គនាយក​អង្គការ​សុខភាពពិភពលោកអំពីអ្វីដែលសុខាភិបាលកម្ពុជា ដោយទទួល​បានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា កំពុងតែសស្រោកសស្រាំឥតឈប់ឈរ ជាលក្ខណៈបុរេស​កម្ម​ (proactive approach) លើកកម្ពស់សុខភាព សុខុមាល​ភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការ​ដាក់ចេញយុទ្ធនាការ​អប់រំ​សុខភាពបឋម ការពង្រីកការចាក់វ៉ាក់​សាំង​បន្ថែមពិសេសបង្ការមហារីកមាត់ស្បូនកុមារីអាយុ ៩ឆ្នាំ ពង្រីកការថែទាំ​ព្យាបាល​និង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លង ជំងឺទឹកនោមផ្អែមក្នុងសហគមន៍ ការប្រកាសដាក់ឱ្យដំណើរការ​ផែនការ​សកម្មភាព​បង្ការ និងគ្រប់គ្រងជំងឺមហារីក ឥរិយាបថបុរេ​សកម្ម​លើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទ​ដោយក្រុម​ការងារ​​​ជំនាញឆ្លើយតបបន្ទាន់ ២៤ម៉ោងលើ២៤ម៉ោង រួមទាំង​ការខិត​ខំដោយជង្ហុគ (more intensive effort and commitment) លើការលើកកម្ពស់ភាពជាអ្នកដឹកនាំ​សុខាភិបាល​គ្រប់កម្រឹត។

ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាលក៏បានរំលឹកដល់អនុស្សាវរីយ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ដែលបានចារឹកក្នងបេះដូងកម្ពុជា និងពិភព​លោក ខណៈកាលណោះ ជំងឺកូវីដ១៩ ដ៏កាចសាហាវកំពុងយក​ជីវិតមនុស្សលោក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើការសម្រេចចិត្តជា​ប្រវត្តិសាស្ត្រ​ផ្តល់ការអនុញ្ញាត និងចេញ​ទៅ​ទទួលដោយផ្ទាល់ខ្លួន​លោក អ្នកធ្វើដំណើរតាមនាវា អឹមអេស វេស្ទើរដាម (ពេលនោះគឺ​ចំថ្ងៃនៃក្តីស្រលាញ់ Valentine’s Day)។

សូមរំលឹកថានាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវា អឹមអេស វេស្ទើរដាម (The MS Westerdam) ដែលមានអ្នកធ្វើ​ដំណើរ​សរុប ២២៥៧រូប បានចូលចតនៅកម្ពុជា ខណៈត្រូវបាន​បដិសេធន៍​មិនឱ្យ​ចូលចតពីប្រទេសនានាមុនមក​ដល់កម្ពុជា។

ភ្លាមៗឯកឧត្តមអគ្គនាយកអង្គការសុខភាពពិភពលោក បាន​សំដែង​នូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋា​ភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់ WHO និងបាន​បញ្ជាក់ការគាំទ្ររបស់លោកលើអទិភាពសំខាន់ៗ​របស់​សុខាភិបាលកម្ពុជាដែលបានលើកដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា “យើងត្រូវ​រំលឹកដល់​គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម”៕