(បន្ទាយមានជ័យ) ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៨សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធ ឡើង នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី លើកឡើងថា ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៦-២០២៨ ត្រូវផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចខាងក្រោម ៖ ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈដែល រាជរដ្ឋាភិបាលបានដាក់ចេញ ដែលរួមមានសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ ដូចជា កំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំ អត្រាអតិផរណាប្រចាំឆ្នាំ និងគោលដៅសូចនាករចំណាយ ព្រមជាមួយនឹងគោលនយោបាយ អាទិភាពដែលបានកំណត់ទាំងសម្រាប់ផ្នែកចំណាយចរន្ត និងផ្នែកចំណាយមូលធន, ពិតានចំណាយគោល ដែលបានផ្តល់ជាកញ្ចប់ថវិកាសម្រាប់រយៈពេល ៣ ឆ្នាំ (២០២៦-២០២៨), ការវាយតម្លៃការអនុវត្តចំណាយក្នុងឆ្នាំកន្លងមក និងការប៉ាន់ស្មានសមត្ថភាពអនុវត្តចំណាយក្នុងឆ្នាំ២០២៥ ដែលបាននិងកំពុងអនុវត្ត, ការកំណត់តម្រូវការថវិកាតាមឆ្នាំនីមួយៗ ត្រូវគណនាតម្រូវការជាក់ស្តែងនៃកម្មវិធីនីមួយៗ និងត្រូវ ស្របតាមបញ្ជីស្តង់ដាថ្លៃទំនិញ និងសេវា ដែលកំណត់និងដាក់ឱ្យអនុវត្តដោយ កសហវ ដោយត្រូវតីត គួរឈរលើទិដ្ឋភាព ៣ គឺ ៖ ១ផែនការសកម្មភាពការងារ ឬគម្រោងដែលមានស្រាប់ដែលត្រូវបន្តអនុវត្ត ២-សកម្មភាពការងារដែលបញ្ចប់ត្រឹមមួយឆ្នាំ (One-Off), ៣-សកម្មភាពការងារថ្មី តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា អនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី), កសហវ បានដាក់ចេញ សារាចរស្តីពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កាលពីខែមករា ឆ្នាំ ២០២៥ ដែលក្នុងនោះបានកំណត់អំពីពេលនៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ និង ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ សម្រាប់ ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា(ផ.យ.ថ) និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចររួមតែមួយ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេចនៅក្នុងខែឧសភា។
ដោយផ្អែកលើក្របខ័ណ្ឌខាងលើ, សារាចរស្តីពីការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៦-២០២៨ និងការ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ត្រូវបានដាក់ចេញដើម្បីផ្តល់ មគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង ស្ថាប័ន, មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោម ជាតិ (សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និង វិស័យអប់រំ)៕


