ក្នុងជំនួបជាមួយឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ថ្នាក់ដឹកនាំវិទ្យាស្ថាន PSD របស់វៀតណាម សន្យាបន្ដកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារបន្សាប ព្យាបាល និងស្ដារនីតិសម្បទា


(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប និងជាប្រធានក្រុមប្រឹក្សាគ្រប់គ្រង នៃវិទ្យាស្ថាន PSD សម្រាប់ការស្រាវជ្រាវ និងការអនុវត្តការទប់ស្កាត់គ្រឿងញៀន ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញអំពីជំហរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ ដែលផ្ដល់អាទិភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះបានរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ដឹកនាំការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញគោលនយោបាយមុតស្រួច ព្រមទាំងវិធីសាស្ដ្រផ្សេងនានា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ បើទោះបីកម្ពុជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្ដែអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់វិធានការសំខាន់នានា រួមមាន វិធានការទប់ស្កាត់ ការលើកកម្ពស់ការផ្សព្វផ្សាយអប់រំ និងវិធានការច្បាប់យ៉ាងមុតស្រួចគ្មានការលើកលែង ដែលធ្វើឲ្យបញ្ហាគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្នមានការថមថយផងដែរ។

ទោះជាយ៉ាងណា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន យល់ឃើញថា ទាមទារឲ្យមានកិច្ចសហការបន្ថែម ពិសេសការចូលរួមរបស់វិស័យឯកជន ដើម្បីវិនិយោគលើការផ្សព្វផ្សាយ អប់រំឲ្យបានទូលំទូលាយ និងមានការចាប់អារម្មណ៍ ទាន់សម័យ ព្រមទាំងការព្យាបាល ស្ដារនីតិសម្បទាឲ្យមានប្រសិទ្ធភាព សំដៅកសាងធនធានមនុស្ស ចូលក្នុងសង្គមវិញ។ ដូច្នេះតាមរយៈជំនួបជាមួយវិទ្យាស្ថាន PSD ជាផ្នែកមួយសំខាន់ ដើម្បីឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចពង្រីកដៃគូសហការចូលរួម លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាការឆ្លើយតប លោកបណ្ឌិត Le Trung Tuan បានជម្រាប់ជូនឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ពីប្រវត្តិរបស់ PSD គ្រុប ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៣ ហើយ PSD បានធ្វើការស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការងារបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលប្រទេសវៀតណាមលើការងាររបស់ខ្លួន រហូតរដ្ឋាភិបាលវៀតណាម ឲ្យជួយលើការពាក់ព័ន្ធនឹងគ្រឿងញៀនក្នុងប្រទេសវៀតណាម។

លោកបណ្ឌិត Le Trung Tuan បានបង្ហាញនូវការគាំទ្រ និងឯកភាពចំពោះការលើកឡើងរបស់លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅកម្ពុជា លោកសន្យាថា នឹងផ្គត់ផ្គង់រាល់ឯកសារទាំងអស់ ដែលពាក់ព័ន្ធការស្រាវជ្រាវរបស់វិទ្យាស្ថាន PSD របស់វៀតណាម មកឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីជាទុនទុកក្នុងការប្រើប្រាស់ក្នុងការងារបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

លោកបណ្ឌិត Le Trung Tuan ប្តេជ្ញាចិត្តផងដែរ PSD នឹងខិតធ្វើការ និងសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនកម្ពុជា ឲ្យដូចការសហការជាមួយប្រទេសវៀតណាម។

ចំពោះការលើកឡើងខាងលើ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគាំទ្រនូវមតិរបស់លោកបណ្ឌិត ប្រធានវិទ្យាស្ថាន PSD និងបានឲ្យអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ. ធ្វើការផ្ទាល់បន្តជាមួយ PSD ដើម្បីសិក្សាអំពីតម្រូវការជាក់ស្ដែង និងផ្លាស់ប្ដូរបទពិសោធ រវាងភាគីទាំង២៕