ក្នុងដំណេីរបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសានទុងប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភ៌ិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមកម្មវិធីមួយចំនួននៅខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន៖
១-ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីសន្និសីទទីក្រុងមិត្តភាពអន្តរជាតិស្តីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងសន្និសីទយុវជនសកល នៅក្រុង ជីណាន ក្រោមអធិបតីភាពលោក លីន វូ លេខាបក្សខេត្តសានដុង ដោយមានការចូលរួមពីបណ្តាថ្នាក់នាំមកពីប្រទេសជាមិត្តចំនួន ៤៧ ជាង១០០ប្រតិភូ សមាជិកសរុបប្រមាណ១០០០នាក់។
២-ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ ពេលព្រឹក បានចូលរួមកម្មវិធី ចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (LOI) រវាងរដ្ឋបាលខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជាមូលដ្ឋានគាំទ្រដំណើរការឈានទៅចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងខេត្តទាំងពីរនាពេលខាងមុខ និងពេលរសៀលឯកឧត្តមអភិបាលខេត្តបានដឹកនាំប្រតិភូបន្តដំណេីរមកដល់ក្រុងហ្សីបូ (Zibo) ដែលជាក្រុងសម្ព័ន្ធមិត្តជាមួយក្រុងស្វាយរៀង ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុងហ្សីបូ និងបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន និងទូរទស្សន៍ប្រចាំក្រុងហ្សីបូ និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនិងវឌ្ឍនភាពជាការងារក្នុងភាពដៃគូរវាងក្រុងហ្សី បូ និងក្រុងស្វាយរៀង។
៣- ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តនិងប្រតិភូបានចូលទស្សនកិច្ចនៅទីតាំងវត្ថុធាតុដេីមសម្រាប់ផលិតសម្លៀកបំពាក់ និងទីតាំងផលិត កែវ ចាន និងវត្ថុធាតុដេីមសម្រាប់ផលិតសម្ភារៈផ្ទះបាយផ្សេងៗ និងពេលរសៀលបន្តដំណេីរចូលរួមជាគណៈអធិបតីក្នុង សន្និសីទខេត្ត-ក្រុងមេត្រីភាពអន្តរជាតិខួបលើកទី៤០
សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមានការចូលរួមពីលោក Ma Xiaolei លេខាបក្សក្រុងហ្សីបូ លោក Zhao Qingwen អភិបាលក្រុងហ្សីបូ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត ក្រុង នៃបណ្តាប្រទេសនានាសរុបប្រមាណ៤០០នាក់។
៤-ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់នៅរោង Qigao ផលិតសម្ភារវេចខ្ចប់ផ្សេងៗដូចជា ផលិតសំបកបាវ សំបកថង់ផ្លាស្ទិចជាដេីម និងពេលរសៀលឯកឧត្តមបានដឹកនាំប្រតិភូទស្សនកិច្ចរោងចក្រ Qidu phama Co.Ltd ផលិតឱសថ និងបរិក្ខាវេជ្ជសាស្ត្រដែលមានខ្សែរច្រវាក់ផលិកម្មយ៉ាងទំនើបបំផុតនៅក្នុងខណ្ឌលីង ហ្សី ក្រុង ហ្សី បូ ខេត្តសានដុង ។
៥-ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកវិទ្យា ផលិតសំបកកង់យានយន្ត និងមន្ទីរពិសោធន៍សំបកកង់របស់ក្រុមហ៊ុន SAILUN ស្ថិតនៅក្រុងជីងតាវ ខេត្តសានទុង។
៦-ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តនិងប្រតិភូបានចូលទស្សនកិច្ចនៅរោងចក្រ King king Group ផលិតគ្រឿងក្រអូប គ្រប់ប្រភេទ នៅក្រុងឈីងតាវ ខេត្តសានទុង ប្រទេសចិន និងបន្តដំណេីរបំពេញទស្សនកិច្ចនៅរោងចក្រផលិតដែលមានវ័យចំណាស់ប្រចាំក្រុងឈីងតាវ គឺស្រាបៀឈីងតាវ។
ក្នុងដំណេីរបំពេញទស្សកិច្ចផ្លូវការនៅខេត្តសានទុងប្រទេសចិន រយះពេលមួយសប្តាហ៍កន្លងមកនេះ ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដំនាំរបស់ខេត្តសានទុង ប្រទេសចិន ព្រមទាំងផ្តល់ឱកាសជាច្រេីនក្នុងការជួបពិភាក្សាការងារជាមួយដៃគូវិនិយោគនានានៅក្នុងក្រុងហ្សីបូ ដេីម្បីផ្តល់ជំនឿទុកចិត្ត និងផ្តល់ការជឿទុកចិត្តមកលេីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់អ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀងឲ្យកាន់តែច្រេីនបន្ថែមទៀត។
នៅក្នុងខ្លឹមសារសំខាន់នៃកម្មវិធីសន្និសីទខេត្ត-ក្រុងមេត្រីភាពអន្តរជាតិខួបលើកទី៤០ ក្នុងដំណេីរទស្សនកិច្ចនេះ បានផ្តល់នូវធាតុចូលសំខាន់ៗដល់ការ ពង្រឹង និងពង្រីកសហប្រតិបត្តិការលើគ្រប់វិស័យ ហើយក៏ជាឱកាសដ៏ល្អសម្រាប់ថ្នាក់នាំ នៃបណ្ដាខេត្ត-ក្រុង អាចមកនៅជិតគ្នា បានស្គាល់គ្នា ជួបប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ ទៅមកក្នុងក្របខ័ណ្ឌ នៃការដឹកនាំ និងការអភិវឌ្ឍមូលដ្ឋានរៀងៗខ្លួន ដើម្បីបង្កើតនូវចំណងមិត្តភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ នាពេលខាងមុខ។
សូមបញ្ជាក់ជូនដែរថា កាលពីឆ្នាំ២០២៤ ក្រុងស្វាយរៀង (ប្រទេសកម្ពុជា) បានចាប់ផ្ដើមក្នុងការឈានទៅចងនូវសម្ព័ន្ធមិត្តភាព មេត្រីភាព ជាមួយនិងក្រុងហ្សីបូ (ប្រទេសចិន )ហើយកាលពីពេលថ្មីៗនេះយើងក៏បានទទួលនូវគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើលិខិតផ្ដួចផ្ដើមជាមួយនិងខេត្តសានទុង ជាជំហានឈានទៅចុះអនុស្សរណៈយោគយល់គ្នា (MOU)ដើម្បីចងសម័្ពន្ធមេត្រីភាពនាពេលខាងមុខផងដែរ។