ឯកឧត្តម ហែម វណ្ណឌី ទទួលជួបតំណាងក្រុមហ៊ុន Grab ដើម្បីពិភាក្សាការគាំទ្រសម្រាប់អ្នកបើកបរ


រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោក Wee Tang Yee នាយកគ្រប់គ្រងប្រចាំតំបន់របស់ Grab ដែលមានស្នាក់ការកណ្តាលនៅសិង្ហបុរី ដើម្បីពិភាក្សាអំពីការរួមចំណែកកាន់តែសំខាន់របស់ Grab ក្នុងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះដំណើរការអាជីវកម្មរបស់ Grab នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧ មក និងបានបង្ហាញការគាំទ្រចំពោះផែនការពង្រីកក្រុមហ៊ុនជាបន្តបន្ទាប់។

ឯកឧត្តមបានជម្រាបជូនអំពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលើកឡើងថា៖ “យើងស្វាគមន៍ការរួមចំណែកនៃថ្នាលបច្ចេវិទ្យានានា នៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយនឹងថ្នាលទិន្នន័យរបស់ខ្លួន Grab អាចជួយជំរុញបរិវត្តកម្មពាណិជ្ជកម្មនៅកម្ពុជា ដោយជួយអ្នកផលិត និងអាជីវករនានា ឱ្យធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ។”

លោក Wee Tang បានលើកឡើងថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ Grab បានពង្រីកវិសាលភាពពីការធ្វើប្រតិបត្តិការតែក្នុងទីក្រុងចំនួន ៣ រហូតដល់ ១៩ ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា។

លោក Wee Tang បានបន្ថែមថា៖ “Grab នាំមកទាំងបច្ចេកវិទ្យា និងបរិយាបន្នហិរញ្ញវត្ថុ។ មុនពេលចូលរួមក្នុងប្រព័ន្ធរបស់យើង ដៃគូជាអ្នកបើកបរជាច្រើនមិនទាន់មានគណនីធនាគារទេ។ យើងបានជួយឱ្យដៃគូទាំងនេះមានគណនីធនាគារ ហើយជាមួយនឹងទិន្នន័យដែលយើងមាន យើងអាចជួយឱ្យពួកគាត់ទទួលបានសេវាហិរញ្ញវត្ថុ។ Grab ក៏ផ្តល់នូវការលើកទឹកចិត្តផ្សេងៗ សម្រាប់អ្នកបើកបរដែលមានលទ្ធផលខ្ពស់ផងដែរ។”

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ Grab សិក្សាលទ្ធភាពពង្រីកសេវាកម្មថ្មីៗ ដូចជាសេវាដឹកជញ្ជូនសំណាកសម្រាប់មន្ទីរពិសោធន៍ និងបន្តគាំទ្រអ្នកបើកបរដោយផ្តល់ការបែងចែកចំណូលសមរម្យ ព្រមទាំងពិចារណាផ្តល់ជម្រើសជួលយានយន្ត និងសេវាថែទាំយានយន្តតម្លៃសមរម្យ ដើម្បីគាំទ្រដល់អ្នកបើកបរ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យ Grab សហការជាមួយក្រសួង ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រីកការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមអ្នកបើកបរ Grab ពិសេសតាមរយៈកម្មវិធី Grab app និង Grab Acaemy ។