ទាក់ទិននឹងស្ថានការណ៍ ដែលកើតឡើងនាពេលថ្មីៗ, ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសកម្ពុជា-ថៃ


ទាក់ទិននឹងស្ថានការណ៍ ដែលកើតឡើងនាពេលថ្មីៗនៅតំបន់មុំបី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសកម្ពុជា-ថៃ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។

នេះបើយោងតាមការសារតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

ការទទូចខាងលើ បានធ្វើឡើងដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ។

គួរជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។

តែយ៉ាងណាមិញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង​ និងប្រឈមមុខគ្នានៅតាមព្រំដែន៕