(ព្រះវិហារ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា។
ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់កម្លាំងប្រដាប់អាវុធទាំងអស់។
ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាព។
ឯកឧត្តមបញ្ជាក់ថា «យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងៗទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដក់ពួកយើងយ៉ាងលំបាកលំបិនបំផុត។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕