ខណៈកម្ពុជា គឺជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM+3) លើកទី៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ច ប្រជុំពិនិត្យ លទ្ធផលការងារដែលសម្រេចបាន និងដឹកនាំតម្រង់ទិសការងារឆ្ពោះមុខ។
កិច្ចប្រជុំនេះ ជាការស្តាប់របាយការណ៍ការងារដែលសម្រេចបាន កន្លងមក និងផែនការការងារដែលត្រូវអនុវត្ត ឆ្ពោះទៅកាន់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និងកិច្ចប្រជុំប្រមុខ មុខងារសាធារណៈACCSM លើកទី២៣ និង ACCSM+3 លើកទី៨ ដែលគ្រោងនឹងរៀបចំក្នុងឆ្នាំ២០២៦។
តាមរយៈរបាយការណ៍របស់ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ បានបង្ហាញអំពីផែនទីបង្ហាញផ្លូវ និងការងារធំៗជាច្រើន ដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធាន ACCSM ត្រូវដឹកនាំអនុវត្ត និងសម្របសម្រួល។ ក្នុងនោះការងារចំពោះមុខក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងសហការជាមួយលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាចំនួន២ ដើម្បីប្រមូលធាតុចូល និងពិភាក្សាលើការរៀបចំសេចក្តីព្រាងផែនការការងារ ACCSM និងACCSM+3 ឆ្នាំ២០២៦-២០៣០។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ នឹងត្រូវដឹកនាំរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ រួមជាមួយការសម្របសម្រួលការងារផ្សេងៗទៀត ជាមួយប្រទេសសមាជិកអាស៊ាន លើក្របខ័ណ្ឌមុខងារសាធារណៈ ក្នុងសមត្ថកិច្ចនៃភាពជាប្រធាន ACCSM។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានតម្រង់ទិសដល់ក្រុមការងារឱ្យ ប្រើប្រាស់សមត្ថភាពកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់យើង ដើម្បីទាញបានជាប្រយោជន៍ អភិវឌ្ឍវិស័យមុខងារសាធារណៈ នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាដើម្បីផ្តល់ជាគុណតម្លៃក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញឱ្យក្រុមការងារធ្វើយ៉ាងណាយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការធ្វើបដិសណ្ឋារកិច្ច និងរក្សាទំនាក់ទំនងល្អជាប្រចាំជាមួយបណ្តាប្រទេសដែលចូលរួមទាំងអស់៕







