ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូបើកដំណើរការជាផ្លូវការ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅបរិវេណខាងមុខអគារសាលាខេត្តចាស់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឲ្យអ្នកដាំបន្លែផ្លែឈើ និងដំណាំផ្សេងៗ បានយកមកតាំងបង្ហាញ និងលក់ដូរ ជូនភ្ញៀវ។ ឯកឧត្តមបានបង្ហើបពីគោលបំណងរៀបចំឲ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគត។
ឯកឧត្តមបាន បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ផ្លែឈើនេះ នឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចំការបានលក់ដូរបន្លែផ្លែឈើ និងផលិតផលរបស់ខ្លួន ព្រមទាំអំពាវនាវប្រជាពលរដ្ឋបន្តគាំទ្រអ្វីដែលជាផលិតផលខ្មែររបស់អ្នកបាត់ដំបងយើង។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។
ព្រឹត្តិការណ៍នេះមានការតាំងលក់ផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្ត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបានរៀបចំឲ្យមានប៊ូហ្វេទុរេនបាត់ដំបង រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោងម៉ាស៊ីនត្រជាក់ ដោយបន្ថែមផ្លែឈើផ្សេងទៀតដូចជា មង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធដោយមិនគិតថ្លៃហើយសម្រាប់ទុរេនគឺបកផ្ទាល់ដៃដោយម្ចាស់ចម្ការទុរ៉េនជូនភ្ញៀវផងដែរ៕