នាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ក្រោយ


តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មានទទួលបាន។

លោក Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានជំនួបសម្តែងការគួរសមជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោក Lawrence Wong នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅ វិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី។

ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕