នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រុមហ៊ុនទទួលការ ព្រមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម។
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក ប្រកបដោយស្តង់ដារ។
-គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម សម្រេចលទ្ធផលបានប្រមាណជិត ៦០ ភាគរយហើយ។
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុង ខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។
-ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
-ផ្លូវជាតិលេខ៧ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប…។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
-កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។
-ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម អភិបាល អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ ធ្វើការសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារក្រសួង, អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិនិត្យ តាមដានការរដ្ឋានខាងលើឲ្យមានគុណភាពខ្ពស់ ស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕








