(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៤៤២.០០០.០០០ យ៉េន (ប្រមាណ ២.៩៤៧.០០០ ដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្រសួងការបរទេស បានបញ្ជាក់ថា ជំនួយឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន៕