(កំពង់ធំ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញការជឿជាក់ថាការដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជន មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្តដោយសារតែប្រជាជនយល់ថា នៅពេលដែលលំបាកគ្មាននរណាទេចេញមុខមកជួយដោះស្រាយ ក្រៅពីបក្សប្រជាជនកម្ពុជានោះទេ ជាក់ស្តែងនៅពេលជំងឺកូវីដ១៩ កំពុងរាតត្បាត និងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាដើម។
ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃព្រឹកទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តកំពង់ធំ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រម្លឹកថា ប្រទេសមួយចំនួន ក្រោយពេលបោះឆ្នោត មិនមានលំនឹងសេដ្ឋកិច្ច លំនឹងនយោបាយ ដូចប្រទេសកម្ពុជានោះទេ ខណៈមានប្រទេសខ្លះត្រូវផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាច្រើនរូបក៏មាន។ សម្តេចថានៅប្រទេសកម្ពុជា ប្រជាពលរដ្ឋ គឺត្រូវការគណបក្សប្រជាជនកម្ពុជា ជាពិសេសវត្តមានរបស់សម្តេចតេជោ ប្រធានគណបក្ស ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំនឿទុកចិត្ត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា អ្វីដែលប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មិនមែនជាការចៃដន្យនោះទេ មិនមែនជាការបញ្ជា ឬយកកាំភ្លើងមកភ្ជុងឱ្យទៅបោះឆ្នោត ការសម្រេចិត្តនេះ ដោយសារតែគណបក្សប្រជាជនកម្ពុជា គឺប្រជាជនបានយល់ថា នៅពេលដែលលំបាកគ្មានអ្នកណាទេ ក្រៅពីគណបក្សប្រជាជនកម្ពុជា នៅពេលដែលកូវីដ វៃលុកសម្រាប់ប្រជាលរដ្ឋយើង គ្មានអ្នកណាចេញមុខចាត់វិធានការ ជួយសម្រួល ស្វែងរកថ្នាំ ជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច ដល់ប្រជាជនដែលប៉ះពាល់»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីដឹកនាំប្រទេសជាតិ នឹងនៅតែបម្រើបុព្វហេតុជាតិ និងប្រជាជនជាធំ នៅគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាជនឡើយ។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលដែលប្រជាជនកម្ពុជា ជួបការលំបាកមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មិនមានការរើសអើងនោះទេ ពោលគឺចេញមុខមកជួយសម្រួល និងដោះស្រាយបញ្ហានៅចំពោះមុខភ្លាមៗជូនដល់ប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះហើយនៅឆ្នាំ២០២៣ កន្លងទៅ អ្នកដែលធ្លាប់បោះឆ្នោតឱ្យបក្សផ្សេងកន្លងទៅក៏បានមកបោះឆ្នោតឱ្យគណបក្សប្រជាជនភ្លុកទឹក ភ្លុកដី។
«ដោយគាត់ឃើញនៅពេលលំបាកសម្តេចតេជោ ចេញទៅដឹកនាំផ្ទាល់ អត់មានរត់ទៅក្រៅប្រទេសអីណា ហើយស្រេចថាស្នេហាជាតិពីក្រៅប្រទេសនោះទេ ទោះបីមានការចោទប្រកាន់ថា សម្តេចយកថ្នាំការពារជំងឺកូវីដ១៩ មកចាក់សម្លាប់ប្រជាជនក៏ដោយ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា អំឡុងរាលដាលកូវីដ១៩ សម្តេចគឺជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ មុនគេបង្អស់ ពេលដែលយកមកដល់ប្រទេសកម្ពុជា ហើយការចាក់នេះ មិនមែនជាការសាកថ្នាំនោះឡើយ។ ដូច្នេះ បើសិនជាមេដឹកនាំយើងខ្លាច មិនប្រើវ៉ាក់សាំងរបស់ចិនពេលនោះ ដោយរង់ចាំការប្រកាសរបស់ WHO នោះនឹងមានប្រជាជនខ្មែរស្លាប់មិនខាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីដែលខូចប្រយោជន៍ជាតិនោះទេ គោលនយោបាយរបស់បក្សដាក់ចេញ មិនឱ្យបំផ្លាញជាតិនោះទេ មានតែជួយជាតិ និងប្រជាជន៕