(កំពង់ធំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានជំរុញឲ្យឲ្យយកចិត្តទុកដាក់លើការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ខណៈប្រទេសកាន់តែជឿនលឿន អ្នកផលិតមាតិការមួយចំនួនចង់បានតែ Views ជ្រុលដែលនាំឲ្យបាត់បង់តម្លៃនៃក្រមសីលធម៌។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនខ្លះគាត់គិតតែពីចង់បាន views អ្នកខ្លះបន្លំធ្វើរបូតនេះរបូតនោះវាមិនដែល […] មិនតិចទេបងប្អូនដែលពេលកងទ័ពយើងកំពុងតែច្បាំងគ្នា អ្នកបង្កើត TikTok ដើម្បីឲ្យគេចូលលុយប្រយ័ត្ន ប្រយ័ត្នឲ្យមែនទែនអ្នកខ្លះយកឱកាសនេះដើម្បីបានលុយ»។
ជុំវិញបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យក្រសួងមហាផ្ទៃ និងមន្រ្តីជំនាញ តាមដានឲ្យបានជាប់លាប់ ចំពោះជនឆរបោកតាមអនឡាញ ដែលតែងឆក់ឱកាសផ្សេងៗ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងបង្កភាពអសន្តិសុខនៅក្នុងសង្គម។
បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បងប្អូនប្រជាពលរដ្ឋមានទឹកចិត្តល្អ អាណិតអាសូរ ទៅកាន់អ្នកខ្វះខាតក្រលំបាក ប៉ុន្តែបែរជាត្រូវជនឆ្លៀតឱកាសមួយចំនួន ឆក់យកឱកាសនេះ ដើម្បីរកលុយចូលហោប៉ាវខ្លួនទៅវិញ។ ទោះជាយ៉ាងក្ដី សម្ដេចធិបតីនាយករដ្ឋមន្រ្តី នឹងជំរុញឲ្យមានការទប់ស្កាត់ចំពោះករណីនេះជូនប្រជាពលរដ្ឋ៕