សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋច្រើនណាស់ ដោយសារសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជីវិតប្រជាពលរដ្ឋកម្ពុជាជាធំ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋច្រើនណាស់ ដោយសារតែសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលចាត់ទុកជីវិតជីវិតប្រជាពលរដ្ឋកម្ពុជាជាធំ និងសំខាន់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចធិបតី បានកត់សម្គាល់ថា គណបក្សប្រជាជនបានជួយជីវិតប្រជាជនច្រើនណាស់ ក្នុងនោះមានបីដំណាក់កាស គឺទី១. ជួយសង្រ្គោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ដែលបើគ្មានចលនាផ្តួលរលំខ្មែរក្រហម ដឹកនាំដោយសម្តេចតេជោនាពេលនោះទេ អាចខ្មែរក្រហមនៅបន្តដឹកនាំ នឹងមានការកាប់សម្លាប់ប្រជាជនបន្ថែមទៀត។ ទី២. ជួយរំដោះប្រជាជន មិនឱ្យស្លាប់តទៀត តាមរយៈនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុង បានជួយជីវិតប្រជាពលរដ្ឋ និងកងទ័ព ឱ្យរស់នៅក្នុងសន្តិភាពមិនសម្លាប់គ្នាតទៅទៀត និងទី៣ គឺជួយសង្រ្គោះជីវិតប្រជាពលរដ្ឋជាច្រើននាក់មិនឱ្យស្លាប់អំឡុងពេលរីករាលដាលនៃជំងឺកូវីតកូវីដ១៩។

សម្តេចបានថ្លែងបន្តថា «ក្នុងនាមជាមេដឹកនាំម្នាក់ សម្តេចតេជោត្រូវអារកាត់ធំណាស់ រវាងថ្នាំដែលអាចជួយជីវិតប្រជាពលរដ្ឋយើង តែមិនទាន់WHO ប្រកាសទទួលស្គាល់ប្រកាសទទួលស្គាល់ ហើយថ្នាំនេះ ប្រើប្រាស់នៅចិន នៅឥណ្ឌូនេស៊ី នៅអារ៉ាប់អី រាប់សិបលាននាក់គេអត់អីហើយ ឬមួយក៏រងចាំថ្នាំដែលកំពុងតែមាននៅលោកខាងលិចដែលមិនអាចដណ្តើមឈ្នះគេឬអត់ទេ មិនដឹងពេលណាមក។ សម្តេចតេជោ យកថ្នាំដែលមាននៅក្នុងដៃដើម្បីជួយជីវិតប្រជាពលរដ្ឋ
បើទោះបីជាមានការវាយប្រហារសម្តេចនៅពេលនោះ ពីអ្នកនយោបាយមួយចំនួននៅក្រៅប្រទេស ថាសម្តេចយកជីវិត ប្រជាជនខ្មែរធ្វើជាពិសោធន៍ ប៉ុន្តែអត់ទេ ការសម្រេចមួយនេះ បានជួយជីវិតប្រជាជនធំណាស់»

សម្តេចមានប្រសាន៍ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់នៅភ្នំពេញ ការបិទមិនឱ្យធ្វើពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំ ការបិទសាលារៀន ជាការសម្រេចចិត្តធំណាស់ តែការសម្រេចចិត្តទាំងនោះជាការសម្រេចចិត្តត្រឹមត្រូវ ព្រោះសម្តេចតេជោ បានដាក់ជីវិតប្រជាជនជាធំ។

សម្តេចបន្ថែមថា បើសិនជាពេលនោះប្រមុខដឹកនាំ ខ្លាចថាថ្នាំ មានបញ្ហា មិនដឹងជាប្រជាជនស្លាប់ប៉ុន្មាននាក់នោះទេ ប៉ុន្តែតាមរយៈការសម្រេចចិត្តរបស់សម្តេចអាចទប់ការស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីតបានយ៉ាងច្រើន។ ហើយការការពារបានយ៉ាងច្រើននេះ គឺដោយសារការសម្រេចចិត្តដ៏ធំ និងត្រឹមត្រូវរបស់មេបក្សប្រជាជន និងថ្នាក់ដឹកនាំផ្សេងទៀត រួមនឹងមន្រ្តីពេទ្យរបស់យើងគ្រប់ជាន់ថ្នាក់ និងថ្នាក់មូលដ្ឋានដែលបានអនុវត្តនូវគោលការណ៍ណែនាំយ៉ាងត្រឹមត្រូវ ដែលអាចជួយជីវិតប្រជាជនបាន៕