ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្ញើសារឆ្លើយតប ទៅលើកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី០២ កក្កដា ២០២៥។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុក នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នាយកឧត្ដមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ឯកឧត្ដម មិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តម ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។
ឯកឧត្ដម នាយកឧត្ដមសេនីយ៍បានលើកឡើងថា ក្នុងងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
តាមឯកឧត្ដម នាយកឧត្ដមសេនីយ៍ ទៀ សីហា បានអរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះ ឯកឧត្ដម នាយកឧត្ដមសេនីយ៍បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ អាស្រ័យហេតុនេះគឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់»៕
