ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គអប់រំនយោបាយសម្រាប់មន្ត្រីគណបក្សតាមបណ្តាការិយាល័យ-អង្គភាពជុំវិញស្រុកកោះធំ ជំនាន់ទី៣៥ លើកទី៤ ឆ្នាំ២០២៥
ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គអប់រំនយោបាយសម្រាប់មន្ត្រីគណបក្សតាមបណ្តាការិយាល័យ-អង្គភាពជុំវិញស្រុកកោះធំ ជំនាន់ទី៣៥ លើកទី៤ ឆ្នាំ២០២៥ ជូនដល់សិក្ខាកាមជាមន្ត្រីគណបក្សមកពីគណៈកម្មាធិការគណបក្ស ស្រុក ឃុំ ថ្នាក់មូលដ្ឋាន និងសាខាគណបក្សសរុបចំនួន ១០០នាក់ ក្នុងនោះមានស្រ្តី ៤១នាក់ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ ខេត្តកណ្តាល
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង ណន បានពាំនាំការសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តមប្រធាន ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបុគ្គលិកបម្រើការងារក្នុងវគ្គសិក្សានេះ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។
ឯកឧត្តមគូសបញ្ជាក់បន្ថែមថា តាមរយ:នៃការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត ឯកឧត្តមក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ត្រូវគោរពពេលម៉ោងសិក្សា និងត្រងត្រាប់ស្តាប់នូវការចែករំលែកនូវបទពិសោធន៍របស់គ្រូឧទ្ទេសនាម សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការផ្សព្វផ្សាយបន្ត។