អ្នកនាំពាក្យក្រសួងការពារជាតិ៖ ពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ មកពីខេត្តចំនួន៥ បានភៀសសឹកដោយសារសង្គ្រាមឈ្លានពាន


(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់វេលាម៉ោង ៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ១៦៨,៩៤៦នាក់ មកពីខេត្តចំនួន៥ បានភៀសសឹកដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ។

ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ, អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ «ជនភៀសសឹក គិតចាប់តាំងពីថ្ងៃទី២៤ ដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ខេត្តឧត្តរមានជ័យ សរុបចំនួន ៣៨,៤៤៧នាក់, ខេត្តព្រះវិហារ ចំនួន២៩,៧១៧នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៤,២៦៤នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣,០២៦នាក់, ខេត្តសៀមរាប ចំនួន ៣៣,៤២នាក់ តួលេខសរុបទាំងទាំង៥ខេត្ត មានចំនួន ១៦៨,៩៤៦នាក់ ដែលជាជនភៀសសឹក»

ជនភៀសសឹកដែលជម្លៀសមកពីទីទួល មកកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិ ការជម្លៀសចេញពីលំនៅដ្ឋាន ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ។ ការឈ្លានពានរបស់ថៃ បានធ្វើឱ្យប៉ះពាល់ដល់សាលារៀនជាង៦០០ត្រូវបិទទ្វារ ក្នុងចំណោម៥ខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សជាង១៥ម៉ឺននាក់ និងគ្រូបង្រៀន៦ពាន់នាក់។ ចំណែក ភូមិដ្ឋាន មណ្ឌលសុខភាព សំណង់អគារតូចធំ ស្ថានីយ៍ប្រេងឥន្ធនៈ សាលារៀន ផ្សារ ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការបំផ្លិចបំផ្លាញ និងរងការវាយប្រហារមិនរើសមុខរបស់ភាគីថៃ ជាពិសេសគម្រាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់គ្មានកំហុស តួយ៉ាងដូចស្រ្តី និងកុមារជាដើម។

ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្ក វិនាស សកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ ប្រជាពលរដ្ឋ រាប់ម៉ឺនគ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីកងទ័ពឈ្លានពានថៃបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងភូមិឋានរបស់ពួកគេ។

ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូលជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត៕