(ភ្នំពេញ)៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ការអនុវត្តបទឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានជោគជ័យ។
បន្ទាប់ពីជំនួបនៅប្រទេសម៉ាឡេស៊ី ប្រមុខដឹកនាំកម្ពុជា និងថៃបានយល់ព្រមដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយអនុវត្តចាប់ពីកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
មូលហេតុដែលថាបទឈប់បាញ់ត្រូវបានអនុវត្តដោយជោគជ័យ ព្រោះនៅសមរភូមិលែងផ្ទុះអាវុធទៀតហើយ។ ជាមួយគ្នានេះ ការរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) បានរៀបចំឡើងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ខណៈកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន ក៏បានរៀបចំរួចហើយដែរ។
លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាលទ្ធផលជាវិជ្ជមានមួយចំនួន ដែលយើងទទួលបានក្រោយបទឈប់បាញ់ចូលជាធរមាន រួមមាន នៅក្នុងនោះបានអនុញ្ញាតអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យទទួលបានជោគជ័យជាជំហានៗ និងធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសមកវិញនូវសន្តិភាព»។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕