អំណោយសម្តេធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមទាំងសប្បុរសជន បន្តចែកជូនដល់ពលរដ្ឋភៀសសឹកជិត២ពាន់គ្រួសារ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ


(សៀមរាប)៖ អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមន្នី រួមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់ជូនតាមរយៈសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃខេត្តសៀមរាប បានបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ប្រមាណជិត ០២ពាន់គ្រួសារ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងឱកាសនោះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា មានថេរដីកាថា ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃនោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។

សម្ដេចព្រះព្រហ្មរតនមុនី មានថេរដីកាបន្តថា «សង្គ្រាម» មិនបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារ ដូចសម័យមានសន្តិភាពនេះទេ។ «សង្គ្រាម» មានតែធ្វើឱ្យពួកគាត់ ឈឺចាប់ ខ្លោចផ្សា មិនអាចគណនាបានឡើយ ហើយវាបានធ្វើឱ្យគាត់បែកបាក់គ្រួសារ បាត់បង់បងប្អូន និងញាតិសន្តាន ហើវិស័យគ្រប់យ៉ាងក៏ត្រូវបាត់បង់ទាំងអស់ ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅបានសុខផងដែរ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា ក៏បានមានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាព ដ៏អង់អាច់ ក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់។

សម្ដេចព្រះព្រហ្មរតនមុនី មានថេរដីកាបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិយោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើងផងដែរ។

លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានសម្តែងនូវសេចក្តីរំភើប និងការកោតសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជនទាំងក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាក្រៅប្រទេស ដែលបានចែករំលែកនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព និងការបរិច្ចាគស្បៀងអាហារជូនដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប។

ជាមួយនេះ លោកបញ្ជាក់ថា នេះទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយ ដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក ដែលបានផ្តល់ជូនតាមរយៈសម្ដេច ព្រះព្រហ្មរតនមុនី ពិន សែម និងព្រះមន្រ្តីសង្ឃខេត្តសៀមរាប ដើម្បីធ្វើការចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តឧត្តរមាជ័យផងដែរ៕