ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ដ្រីរាជការស៉ីវិល និងមន្ដ្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះ


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ បានបើកវគ្គផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ដ្រីរាជការស៊ីវិល និងមន្ដ្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។

ឯកឧត្តមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលថ្ងៃនេះ មានថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តី មកពីអង្គភាពចំណុះក្រសួងមហាផ្ទៃ ចំនួន៩រួមមាន៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, អគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរដ្ឋបាលក្រុមប្រឹក្សាកីឡា, ក្រុមប្រឹក្សានីតិកម្ម, សាលាជាតិរដ្ឋបាលមូលដ្ឋាន, គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម, គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សរុបចំនួន៥០០នាក់។

ឯកឧត្តមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ដថា កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តលនេះ គឺសកម្មភាពឆ្លើយតបទៅនឹងសុចនាករ ទាំងជាគុណវិស័យ និងបរិមាណវិស័យ ដើម្បីឈានទៅសម្រេចនូវទិសដៅ ដែលបានកំណត់ គឺគ្រប់មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ដ្រីពន្ធនាគារទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ត្រូវទទួលបាននូវការផ្សព្វផ្សាយ អប់រំ និងចំណេះដឹងពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលបំណងប្រថ្នារបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កៅ ខុនដារ៉ា បានអះអាងថា ឆ្លើយតបទៅនឹងគោលការណ៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ជូនដល់មន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ នៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាពការងាររបស់គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដែលលោកអភិសន្តិបណ្ឌិត បានអនុញ្ញាតដាក់ឲ្យអនុវត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់ឆមាសទី១ និងដើមត្រីមាសទី៤ ឆ្នាំ២០២៥នេះ គណៈកម្មាធិការបានផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ បានចំនួន១១លើក គិតទាំងលើកនេះ ដែលមានមន្ត្រីរាជការ ទទួលបានចំណេះដឹងជាង៣,០០០នាក់ ដោយមិនគិតពីចំនួន នៃការទទួលចំណេះដឹងនានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារមួយមានភាពស្មុគស្មាញ ទាមទារឲ្យមានការឆ្លើយតបជាពហុវិសយ និងត្រូវមានចូលរួមពីគ្រប់សមាសភាពសង្គម ចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាពរដ្ឋ ឯកជន សង្គមស៊ីវិល អង្គការមនុស្សធម៌ និងសាសនា។ ក្នុងន័យនេះ ការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗ មានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាននូវការលុបបំបាត់ទីផ្សារគ្រឿងញៀន មានន័យថា គ្មានអ្នកប្រើគ្រឿងញៀន គឺគ្មានទីផ្សារ គ្មានទីផ្សារ គឺគ្មានអ្នកនាំគ្រឿងញៀនយកមកលក់ ឬចែកចាយ។ ដូច្នេះការចាប់ផ្តើមពីការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន ជាការសម្រេចចិត្តមិនពាក់ព័ន្ធ និងមិនប្រើប្រាស់គ្រឿងញៀន ពីខ្លួនយើងម្នាក់ៗឈានទៅបង្កើតបានជាក្រុមគ្រួសារមួយគ្មានគ្រឿងញៀន និងទីកន្លែងធ្វើការមួយគ្មានអ្នកប្រើគ្រឿងញៀន រហូតដល់ភូមិ ឃុំ និង សហគមន៍មួយ គ្មានគ្រឿងញៀន។

ផ្តើមចេញពីទស្សនាទាននេះ វគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលក្នុងពេលនេះ និងផ្តោតលើចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖

* ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
* ផលប៉ះពាល់នៃគ្រឿងញៀន និងសុខភាព
* ចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន និងអត្តសញ្ញាណនៃ គ្រឿងញៀន
* ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ប្រធានបទទាំងបួនលើខាងនេះ នឹងធ្វើឧទ្ទេសដោយ ថ្នាក់ដឹកនាំដែលអញ្ជើញ ពីអង្គភាពជំនាញពាក់ព័ន្ធ ហើយមិនមែនជាគ្រូ ជាសាស្ត្រាចារ្យ ប៉ុន្តែជាមន្ត្រីជំនាញដែលមាន បទពិសោធលើកិច្ចការនេះ៕