ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ បន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន


នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយភាពវាងវៃ និងឧស្សាហ៍ព្យាយាម រហូតទទួលអាហារូបករណ៍ទៅបន្តការសិក្សាកម្រិតខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ព្រមទាំងបានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ដោយរំលេចថា រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ ដូច្នេះសូមបន្តពង្រឹងសមត្ថភាពភាសាឱ្យខ្លាំង ត្រូវអាន និងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ បន្តការសិក្សាស្រាវជ្រាវដោយខ្លួនឯងឱ្យបានច្រើន និងសូមលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ចាប់យកឱកាសនេះ ស្វែងយល់រៀនសូត្រពីវប្បធម៌ អរិយធម៌របស់ប្រទេសចិនផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមជូនពរដល់និស្សិតទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា និងសូមនាំយកនូវចំណេះដឹង ជំនាញពិតប្រាកដត្រឡប់មកចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដោយបានគូសបញ្ជាក់ថា ប្រទេសជាតិរឹងមាំ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដរាបណាមានធនធានមនុស្សដែលមានគុណភាព មានចំណេះដឹងខ្ពស់ មានចំណេះធ្វើ និងមានសីលធម៌ដ៏ល្អប្រពៃជាពលរដ្ឋសាកល៕