ប្រទេសកាន់តែច្រើនលើពិភពលោក គាំទ្រចង់ឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានពានណូបែលសន្តិភាព


(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធ ទី១៣ ខែសីហា សេតវិមានបានប្រកាសថា សម្លេងអន្តរជាតិកាន់តែច្រើនឡើង កំពុងរួមគ្នាអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព។

មេដឹកនាំរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសផ្សេងៗ រួមមានដូចជានាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan ប្រធានាធិបតីអាស៊ែបៃហ្សង់, លោក Ilham Aliyev នាយករដ្ឋមន្រ្តីអ៉ីស្រាអែល, លោក Benjamin Netanyahu ប្រធានាធិបតីហ្កាបុង លោក Brice Oligui Nguema រដ្ឋាភិបាលប៉ាគីស្ថាន និងរដ្ឋមន្រ្តីការបរទេសរវ៉ាន់ដា លោក Olivier Nduhungirehe សុទ្ធតែបានបង្ហាញការគាំទ្រចង់ឱ្យគណៈកម្មាធិការណូបែល ផ្តល់ពានរង្វាន់ណូបែលសន្តិភាព ឱ្យទៅលោកប្រធានាធិបតីអាមេរិក ក្រោមហេតុផលថា រូបលោកគឺជាបុគ្គលដ៏សក្តិសមបំផុតម្នាក់។

គួរបញ្ជាក់ថា ក្រោយការជួយផ្តួចផ្តើម និងសម្របសម្រួលពីលោក ត្រាំ ទីបំផុតកម្ពុជានិងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយការផ្ទុះជម្លោះប្រដាប់អាវុធនៅព្រំដែនអស់រយៈពេល៥ថ្ងៃ។ ចំណែកនាពេលថ្មីៗនេះ លោក ត្រាំ ក៏ទើបតែជួយអាស៊ែបៃហ្សង់និងអាមេនី សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពផងដែរ ក្រោយប្រទេសទាំងពីរ មានជម្លោះរ៉ាំរ៉ៃនឹងគ្នា​ជាច្រើនទសវត្សរ៍៕