ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នាំយកអំណោយ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងដល់កងកម្លាំងជួរមុខ និងជនភៀសសឹក


ពោធិ៍សាត់៖ ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត នាំយកអំណោយ ដែលទទួលបានតាមរយៈការចូលរួមឧបត្ថម្ភគាំទ្រ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ បានបន្តចាត់ចែងដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពានថៃ និងបងប្អូនជនភៀសសឹក។ ពិធីប្រគល់ទទួលអំណោយខាងលើ ត្រូវបានធ្វើឡើង នៅបរិវេណសាលាខេត្តព្រះវិហារ និងទីតាំងសុវត្ថិភាព ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា អំណោយជាគ្រឿងឧបភោគបរិភោគទាំងអស់នេះ គឺបានចែករំលែកពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីបានបន្តផ្តល់ជូន និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ព្រមទាំងប្រជាពលរដ្ឋ ដែលកំពុងតែភៀសខ្លួន ដោយសារការឈ្លានពាន របស់កងទ័ពថៃ។ ឯកឧត្តម បន្តថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។ ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះគណៈប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា ដែលបាននាំយកអំណោយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ បានបន្តចាត់ចែងដល់កងកម្លាំងជួរមុខ ការពារបូរណភាពទឹកដី និងបងប្អូនជនភៀសសឹកនាឱកាសនេះ។

សូមបញ្ជាក់ថា អំណោយឧបត្ថម្ភគាំទ្រ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាឱកាសនោះ រួមមាន៖ អង្ករ៣០តោន, អង្ករដំណើប១០០គីឡូក្រាម, អំបុកលីងសាច់ផាត់ ៣០០កញ្ចប់ (របស់សាខាសមាគមនារីខេត្ត), ត្រីកេស ២៥គីឡូក្រាម, ប្រហុក១៣០គីឡូក្រាម, ត្រីងៀត ១៧គីឡូក្រាម, ត្រីប្រាហើម ១៦គីឡូក្រាម, ពងត្រីឆ្តោរ ៣គីឡូក្រាម, កំពឹសក្រៀម ២គីឡូក្រាម និងថវិកាមួយចំនួន៕ ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់