ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរដល់គណៈអភិបាលខេត្តយក និងមន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា ដែលបានគាំទ្រ ផ្តល់កម្លាំងចិត្ត ក៏ដូចជាបានឧបត្ថម្ភអំណោយមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិយ៉ាងអង់អាចក្លាហាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៥ អាណិត្តទី៤ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម នូ សាខន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុកដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមរៀបចំពិធីបុណ្យសពនិងឧបត្ថម្ភជូនដល់គ្រួសារសពព្រឹទ្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូច ដឹកជញ្ជូន វរៈសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ លេខកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ ឆ្នាំ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រមទាំងបានជួយទិញដីមួយកន្លែងជូនដល់គ្រួសារសពផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សូមបន្តការតាមដានព័ត៌មានអំពីសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសសូមបន្តរួមគ្នាគាំទ្រទាំងសម្ភារៈ និងស្មារតីជូនដល់វរៈកងទ័ពជួរមុខ ដើម្បីបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី ជាពិសេសប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់ និងគាំទ្រក្នុងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពយូរអង្វែងតទៅទៀត។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត ទៅលើរបាយការណ៍លទ្ធផលការងារ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ៨របៀបវារៈ សំខាន់ៗ។
.j.jpg)



