ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២គីឡូម៉ែត្រ ដែលទើបបានកិនពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់លំនៅដ្ឋានរបស់សហគមន៍រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដំណើរការសាងសង់កំពុងដំណើរការទៅមុខ ខណៈក្រុមការងារ កំពុងខិតខំសម្រុកស្ថាបនា ឱ្យបានរួចរាល់រចនាសម្ព័ន្ធនៅតំបន់ជើងភ្នំ តភ្ជាប់ពីផ្លូវចេញពីលំនៅដ្ឋានសហគមន៍ នៅជើងភ្នំឆ្ពោះទៅលើភ្នំខ្នងផ្សារ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាព គ្រួសាររស់នៅរបស់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ មកចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈទទួលបានចំណូលពីមុខរបរថ្មីតាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។ តំបន់ខ្នងផ្សារ ជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាការអភិវឌ្ឍតំបន់នេះ គឺអនុវត្តតាមប្រសាសន៍ដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីឱកាសបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅបានដាក់ចេញ គោលដៅថែរក្សា អភិរក្ស និងអភិវឌ្ឍដោយចីរភាព នូវតំបន់ភ្នំខ្នងផ្សារ ឱ្យបានកាន់តែប្រសើរឡើង និងក្លាយជាគោលដៅទាក់ទាញទេសចរណ៍ឱ្យបានកាន់តែច្រើន។

សូមបញ្ជាក់ថា បន្ទាប់បានរៀបចំពង្រាបផ្លូវបានស្អាតហើយ ការដ្ឋានសាងសង់តំបន់ជើងភ្នំ រួមមានក្លោងទ្វារចូលតំបន់ខ្នងផ្សារ សួនច្បារ កន្លែងសម្រាក ហាងកាហ្វេ នឹងបញ្ចប់នៅក្នុងខែតុលាខាងមុខ ដើម្បីសម្រួលការធ្វើដំណើរ និងការកម្សាន្តរបស់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងធ្វើការ ការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមឈើឱ្យបានច្រើន ថែមទៀត។

ផ្លូវក្រាលគ្រួសក្រហម (ក្រាលថ្មម៉ិច) ប្រវែង ៧,២គ.ម ទទឹងប្រវែង ៨ម៉ែត្រ ចាប់ពីផ្លូវលេខ ៤៨.៤ CAM ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ ដែលបានសម្ពោធបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ កំពុងស្ថាបនាជិតរួចរាល់។ តាមគម្រោងការសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ ត្រូវបានរៀបចំ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលម្ហែបៃតង តំបន់ភ្នំខ្នងផ្សារ ដូចជាការសាងសង់ផ្លូវថ្មើជើង ឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះចម្ងាយជាង ៤គ.ម។

នៅតាមផ្លូវឡើងសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ និងអាចអ្នកទេសចរណ៍ បានសម្រាកផង និងអាចទទួលទានផងដែរ។ គម្រោងនឹងផ្តល់ជូនដល់អ្នកទេសចរឡើងភ្នំខ្នងផ្សារ អាចពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ ឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។ នៅលើខ្នងភ្នំ ក្រសួងមានគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានដូចជា៖ ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមផងដែរ៕