(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំនិតផ្ដួចផ្ដើមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការដឹកនាំផ្ដួចផ្ដើមគំនិតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្លាយជាការពិត និងស្វាគមន៍អាមេរិក ដែលបន្ដចូលរួមយ៉ាងសកម្មលើបញ្ហានេះ។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាសូមវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដឹកនាំផ្ដួចផ្ដើមឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់កា្លយជាការពិត ហើយក៏ស្វាគមន៍ការចូលរួមសកម្មរបស់សហអាមេរិកលើកបញ្ហានេះផងដែរ»។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសហភាពអឺរ៉ុប ក្នុងការប្រកាសផ្ដល់ថវិកាចំនួនប្រមាណ៧សែនអឺរ៉ូ ប្រហែល៨សែន១ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយវិភាគទានបន្ទាន់ដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់បំផុត ពីការប្រយុទ្ធគ្នាតាមព្រំដែននាពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមអ្វីដែលឯកឧត្តម នង សាកល បានគូសបញ្ជាក់បន្ថែម។
បើតាមឯកឧត្តម នង សាកល, សហភាពអឺរ៉ុបជាដៃគូសំខាន់មួយរបស់កម្ពុជា និងជាដៃគូយុទ្ធសាស្ដ្ររបស់អាស៊ានផងដែរ ខណៈដែលជំនួយរបស់សហភាពអឺរ៉ុបនេះ នឹងអនុវត្តតាមរយៈអង្គការ IOM។ ឯកឧត្តមបន្ដថា កន្លងទៅរដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិននៅកម្ពុជា, រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុននៅកម្ពុជា ក៏បានផ្ដល់ជំនួយដល់កម្ពុជាផងដែរ ដើម្បីជួយដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងកម្ពុជា-ថៃ កាលពីពេលកន្លងទៅ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអះអាងថា កម្ពុជាបានប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់បំផុត ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរកម្ពុជា-ថៃ ហើយជឿជាក់ថា បទឈប់បាញ់ជាមូលដ្ឋានរឹងមាំបំផុត ចំពោះការកសាងសន្ដិភាពយូរអង្វែងសម្រាប់ទាំងអស់គ្នា។ កម្ពុជាក៏បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កងឡាននៅតំបន់មួយចំនួនតាមព្រំដែនកម្ពុជា៕