(កែប)៖ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប។
កិច្ចប្រជុំនេះមានការចូលរួមពីទីប្រឹក្សាក្រសួង លោកប្រធានមន្ទីរ លោកស្រីអនុប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន និងមន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប ។
លោក យង់ លេង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប បានលើកឡើងថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តកែប និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្ត ពីថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីរាជការទាំងអស់ និងដោយមានកិច្ចសហការល្អ យកចិត្តទុកដាក់ពី សំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវីល វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់បានធ្វើឱ្យមន្ទីរមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងមូលដ្ឋាន។
ឯកឧត្តម អេង ចំរើន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើររបស់ឯកឧត្តម ជា សុមេធី និងលោកជំទាវ ដល់មន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អកន្លងមកនេះ និងសូមថ្លែងអំណរគុណដល់បងប្អូនមន្ត្រីរាជការនៃមន្ទីរទាំងអស់គ្នា ដែលបំពេញការងារជារួមទទួលបានលទ្ធផលល្អ ក្នុងមន្ទីរ។
ឯកឧត្តម អេង ចំរើន ស្នើឲ្យមន្ត្រីនៃមន្ទីរ ត្រូវប្រឹងប្រែងបន្តទៀត ដើម្បីបំពេញនូវតម្រូវការមូលដ្ឋានសម្រាប់គ្រួសាររងគ្រោះ និងងាយរងគ្រោះ គាំទ្រដល់សមាជិកគ្រួសារឱ្យមានជំនាញវិជ្ជាជីវៈ បង្កើតមុខរបរ កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ សហគមន៍ និងពង្រឹងសមត្ថភាពរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំផែនការថវិកា នៅក្នុងថវិកាវិនិយោគឃុំ-សង្កាត់។ ឯកឧត្តមក៏បានជំរុញឲ្យមន្រ្តីមន្ទីររួមសាមគ្គីគ្នា អនុវត្តការងារឲ្យបានជោគជ័យបន្តទៀត ដើម្បីប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
បន្ទាប់ពីកិច្ចប្រជុំរួចមក ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជូនពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន ៥គ្រួសារ ព្រមទាំងថវិកាមួយចំនួនផងដែរ៕