អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) កុំបំប៉ោងបញ្ហាអត់ការងារធ្វើដើម្បីឆ្នាំងបាយរបស់ខ្លួន


(ភ្នំពេញ)៖ បន្ទាប់ពីពលរដ្ឋខ្មែរត្រឡប់មកពីថៃចូលក្នុងប្រទេសកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីសម្របសម្រួលដល់ការរកការងារធ្វើរបស់ពួកគាត់។

ជាមួយគ្នានោះ ក្រសួងការងារក៏សង្កេតឃើញដែរថា មានក្រុមរកលុយតាមបណ្តាញសង្គម (MMO) ឆ្លៀតឱកាសមួយចំនួន បានយកវីដេអូ ប្រជាជនខ្មែរមិនទាន់មានការងារធ្វើ ទៅផ្សព្វផ្សាយ ដើម្បីបានឡាច និងបានល្បី។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ “នេះមិនមែនជាពេលដែលត្រូវប្រើប្រាស់ការមិនមានការងារធ្វើដើម្បីផ្សព្វផ្សាយយកឡាច និងយកល្បីនោះទេ ព្រោះក្រសួងការងារបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីរកការងារជូនបងប្អូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ”។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ “ដើម្បីជួយពលករ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ ក្រសួងការងារបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដូចជាការចាំទទួលពលករ និងណែនាំពីឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលសំចត និងកន្លែងទទួលពលករ ការធ្វើវេទិកាការងារចុះតាមភូមិស្រុក ដោយនាំយកទាំងឱកាសការងារ និងតំណាងរោងចក្រសហគ្រាស ទៅជាមួយផង ក្រៅពីនេះក្រសួងក៏បានចេញសេចក្តីជូនដំណឹងដើម្បីណែនាំដល់ម្ចាស់សហគ្រាស រោងចក្រ ដើម្បីសម្រួលដល់ការចូលធ្វើការងាររបស់បងប្អូនពលករ និងពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃ”។

ក្រសួងការងារសូមអំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO) បញ្ឈប់នូវការកេងចំណេញផលប្រយោជន៍របស់ខ្លួនតាមរយៈការផ្សព្វផ្សាយវីដេអូពលរដ្ឋអត់ការងារធ្វើជាបន្ទាន់ និងសូមស្នើដល់ក្រុម MMO សូមចូលរួមផ្សព្វផ្សាយពីឱកាសការងារជាង ២១ម៉ឺនកន្លែងដែលក្រសួងការងារ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បានរៀបចំសម្រាប់ទទួលពលករខ្មែរ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ៕