ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អះអាងថា​ រដ្ឋបាលខេត្តកំពង់ចាម បានបន្តការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ


(កំពង់ចាម​)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ រដ្ឋបាលខេត្ត បានបន្តការអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត អរូបវន្ត និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។​ ការថ្លែងបែបនេះ​ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍លទ្ធផល នៃអង្កេតនវានុវត្តន៍ខេត្តកំពង់ចាម ឆ្នាំ២០២៣​ ដែលបានធ្វេីឡេីងនៅមន្ទីរ​ផែនការខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ​២០២៥​ ។
ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ២០២៥-២០២៩, កម្មវិធីវិនិយោគ២០២៥-២០២៧ រួចរាល់ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រង រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងបានបោះពុម្ព​ ហើយធ្វើការផ្សព្វផ្សាយ​ ជូនដល់អ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តទៅតាមផែនការដែលយើងគ្រោងទុក។
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ការអង្កេតនវានុវត្តន៍ បានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងផ្នែកនវានុវត្តន៍ទាំងបួនរបស់ខេត្ត រួមមាន៖ ទី១-នវានុវត្តន៍ផលិតផល, ទី២-នវានុវត្តន៍ដំណើរការ ទី៣-នវានុវត្តន៍ ទីផ្សារ និងទី៤- នវានុវត្តន៍គ្រប់គ្រង​ ដែលត្រូវបានអនុវត្តដោយស្ថាប័នចម្បងៗទាំង៤ រួមមាន៖ ស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ, គ្រឹះស្ថានសិក្សាជាន់ខ្ពស់, សហគ្រាសអាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារនៅក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានសង្កត់ធ្ងន់ថា​ តាមរយៈការអង្កេតនវានុវត្តន៍នេះដែរ ខេត្តកំពង់ចាម បានប្រមូលទិន្នន័យលើស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ គ្រឹះស្ថានសិក្សាជាន់ខ្ពស់ សហគ្រាស​ អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២.១៧៧គោលដៅ មានចំនួនគ្រឹះស្ថានសំណាកគំរូ ចំនួន ៣៦០​ ផងដែរ​ ៕