(ភ្នំពេញ)៖ កិច្ចជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ នៅខេត្តស្រះកែវ ប្រទេសថៃ។ កិច្ចប្រជុំនេះ ជាការអនុវត្តតាមកិច្ចព្រមព្រៀង១៣ចំណុច ដែលជាកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ។
តាមរយៈការសង្ខេបព័ត៌មានប្រចាំថ្ងៃ បង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ចំណែកថៃដឹកនាំដោយ ឧត្តមសេនីយឯក អាំរឹទ្ធ ប៊ុនស៊ីយ៉ា មេបញ្ជាការកងទ័ពភូមិភាគទី១។
កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជាការអនុវត្តទៅតាមកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា តាមរយៈកិច្ចប្រជុំ RBC នេះ កម្ពុជាសង្ឃឹមនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពឡើងវិញ៕