អ្នកនាំពាក្យក្រសួងការពារជាតិ៖ សកម្មភាពពលរដ្ឋតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ កើតឡើងដោយសារតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ធិស្របច្បាប់


(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចេញតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់។

កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។

តាមរយៈសន្និសីទសារព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «ចាប់តាំងពីយប់ថ្ងៃទី២៥ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហានេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត បានរួមសាមគ្គីធ្វើការឆ្លើយតប និងស្ដែងពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថា ជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់»

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា, ក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាយើង ដែលមិនប្រដាប់ដោយអាវុធ ហើយឈរជើងប្រចាំតំបន់នោះ ក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់។

ម្យ៉ាងវិញទៀត កងកម្លាំងរបស់យើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌបទឈប់បាញ់ ដូចដែលបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាគំនិតផ្ដួចផ្ដើមដោយប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី និងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្ដិវិធី ព្រមទាំងជៀសវាងការបង្កើតភាពតានតឹង និងការប៉ះទង្កិចគ្នាផ្នែកយោធាសាជាថ្មី។

ក្នុងន័យនេះ កម្ពុជា ស្នើភាគីថៃ គោរពឲ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។ នេះបើតាមអ្វីដែលលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់៕