(ភ្នំពេញ)៖ ក្នុងជំនួបទ្វេរភាគីជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន គ្រាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល SCO, ឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ បានជំរុញឲ្យកម្ពជា-ថៃ រក្សាភាពអត់ធ្មត់ខ្ពស់ គោរព និងអនុវត្តនូវបទឈប់បាញ់ឲ្យបានពេញលេញ។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃដំណើរអញ្ជើញចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយប់រំលងអធ្រាត្រ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ប្រធានរដ្ឋឡាវ បានលើកឡើងថា ការទប់ស្កាត់មិនឲ្យមានជម្លោះរវាងប្រទេសទាំងពីរ គឺជាការសំខាន់បំផុត និងជំរុញឲ្យភាគីទាំងពីរដោះស្រាយទំនាស់ព្រំដែនដោយសន្ដិវិធី។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំកម្ពុជា-ឡាវ បានគូសបញ្ជាក់ជាថ្មី ចំពោះការបន្ដពួនជ្រំទំនាក់ទំនងជាប្រពៃណី និងជំរុញពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមានជាអាទិ៍័ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្ដិសុខ និងថាមពលជាដើម។
សូមរំលឹកថា កងកម្លាំងរបស់កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌបទឈប់បាញ់ ដូចដែលបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាគំនិតផ្ដួចផ្ដើមដោយប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី និងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្ដិវិធី ព្រមទាំងជៀសវាងការបង្កើតភាពតានតឹង និងការប៉ះទង្កិចគ្នាផ្នែកយោធាសាជាថ្មី៕