លោកជំទាវ ចម និម្មល រំលេចពីយន្តការចម្បងៗមួយចំនួន៤ ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្ត ដើម្បីធានាបាននូវអនុលោមភាពតាមបទប្បញ្ញត្តិបរិស្ថាន និងបៃតង


នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អេន មូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា” ក្រោមប្រធានបទ “ផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរក ភាពស្អាត បៃតង និងចីរភាព” ដែលសហការរៀបចំឡើងដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ)។

វេទិកានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Christof Weigelmeier ភារធារី នៃស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក Matthias Giegerich នាយកប្រចាំអាស៊ី ប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការាបៀន នៃទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងតំណាងមកពីវិស័យឯកជនជាច្រើនរូប។

ថ្លែងទៅកាន់អង្គវេទិកា លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាច្រើនសតវត្សមកហើយ សេដ្ឋកិច្ចពិភពលោកបានដំណើរការលើគំរូផ្តេក (Linear Model) “យើងយក យើងបង្កើត និង យើងបោះចោល”ដែលប្រព័ន្ធ “យក-បង្កើត-កាកសំណល់” (Take-Make-Waste System) នេះបានជំរុញកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែវាបានមកដោយសារការលះបង់នូវតម្លៃបរិស្ថានដ៏ខ្ពស់ដូចគ្នា រួមទាំងការថយចុះធនធាន ការកើនឡើងនូវសំណល់ និងការបង្កើនល្បឿននៃការប្រែប្រួលអាកាសធាតុ។ លោកជំទាវរដ្ឋមន្ត្រី បន្តថា គំរូនេះនឹងមិនមាននិរន្តរភាពទេ ដូច្នេះទាំងអស់គ្នាត្រូវតែរួមគ្នា ដើម្បីគិតគូរនិងរៀបចំឡើងវិញនូវវិធីសាស្រ្តដែលក្នុងការដំណើរការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យមាននិរន្តរភាពជាងមុន។

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរនូវយន្តការចម្បងៗមួយចំនួន ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងអនុវត្ត ដើម្បីធានាបាននូវអនុលោមភាពតាមបទប្បញ្ញត្តិបរិស្ថាន និងបៃតង រួមទាំងសេដ្ឋកិច្ចបៃតងថ្មីរបស់អាស៊ាន និងស្តង់ដាបៃតង/បរិស្ថានរបស់សហភាពអឺរ៉ុប និងវិធានដើមកំណើតទំនិញនៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់រួមមាន៖ (១). ការលើកទឹកចិត្តឱ្យមានការអនុវត្តផលិតកម្មប្រកបដោយចីរភាព នៅក្នុងវិស័យធុរកិច្ចកម្ពុជា ដែលរួមបញ្ចូលទាំងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងការរួមបញ្ចូលនៃក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ (២). ការប្រើប្រាស់គោលការណ៍សេដ្ឋកិច្ចចក្រា ដូចជា ការកាត់បន្ថយកាកសំណល់ ការកែច្នៃឡើងវិញ និងប្រសិទ្ធភាពធនធាន ដោយការអនុវត្តផលិតកម្មប្រកបដោយចីរភាពទាំងនេះ គួរតែរួមបញ្ចូលវិស័យផលិតកម្ម សេវាកម្ម និងវិស័យកសិកម្ម។ (៣). ការលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមពីប្រភពប្រកបដោយចីរភាព និងមានការទទួលខុសត្រូវ ដែលការណ៍នេះ ចាំបាច់តម្រូវឱ្យមានក្របខ័ណ្ឌជាក់លាក់សម្រាប់ប្រភពដើមបៃតង ទាំងក្នុង backward និង forward linkages នៃខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មសកល។ (៤). ការស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក (EDI) និងឧបករណ៍ឌីជីថលផ្សេងទៀត ដើម្បីជួយសម្រួលពាណិជ្ជកម្ម និងបង្កើនតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងការវិនិយោគបៃតងប្រកបដោយចីរភាព និងទាញយកប្រយោជន៍ពីយុទ្ធសាស្ត្រ គោលនយោបាយ ការលើកទឹកចិត្ត និងយន្តការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព។ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូទាំងអស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា មិនត្រឹមតែមានវិស័យសេដ្ឋកិច្ចដែលរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែរីកចម្រើនដោយភាពស្អាត បៃតង និងចីរភាព៕