អភិបាលខេត្តកំពត រំលឹកដល់ជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមន្ត្រីល្អ


(កំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹកដល់ជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមន្ត្រីល្អ សំដៅបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិយើង។

ការក្រឹនរំលឹកបែបនេះ ខណៈឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ដែលបានប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត។

ឯកឧត្តម  ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានក្រើនរំលឹកបន្ថែមថា ការបម្រើរាស្ត្រ គឺជាកាតព្វកិច្ចដ៏សំខាន់ ដែលមន្ត្រីរាជការយើងទាំងអស់គ្នា ត្រូវចងចាំជានិច្ច ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងទទួលខុសត្រូវចំពោះការងារ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ត្រូវធ្វើខ្លួនជាគំរូល្អសម្រាប់អ្នកក្រោមឱវាទ និងយកគោលការណ៍ដឹកនាំល្អ ដែលរួមមាន នូវព្រហ្មវិហារធម៌ទាំងបួន គុណធម៌ សីលធម៌ សេចក្តីសណ្តោះប្រណី ការស្រឡាញ់ត្រូវយកចិត្តទុកដាក់យកសំដីមន្ត្រីក្រោមឱវាទទៅអនុវត្ត ទើបក្លាយជាមេដ៌ល្អ។

ឯកឧត្តមអភិបាលខេត្ត បន្តបញ្ជាក់ទៀតថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាខ្មែរយើង បានបន្សល់ទុកសម្រាប់យើងប្រតិបត្តិ តាំងពីយូរលុងណាស់មកហើយ។ ដូច្នេះក្នុងនាមយើងជាថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ត្រូវខិតខំថែរក្សា និងប្រតិបត្តិឱ្យបានល្អប្រកបដោយគុណធម៌ កតញ្ញូតាធម៌ ស្របតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាយើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ ដល់ថ្នាក់ដឹកនាំក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវមានការចូលរួមជួយចែករំលែកការងារ និងចាត់ទុកបុគ្គលិកកូនចៅជាគ្រួសារតែមួយ ដើម្បីបង្កើតកម្លាំងរួមសម្រាប់ការងារ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យមានស្មារតីជាតិនិយម ដើម្បីចូលរួមការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានសុភមង្គលប្រកបដោយសក្ដានុពលសំបូរបែប។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានលើកឡើងក្នុងរបាយការណ៍ថា ការជួបសំណេះសំណាលនាពេលនេះ គឺជាលើកទី៩ ហើយ ក្នុងរយៈពេល៤ឆ្នាំ ដែលឯកឧត្តមអភិបាលខេត្ត ចូលមកកាន់មុខតំណែង។ ការជួបសំណេះសំណាលជាមួយមន្ត្រីសាលាខេត្ត គឺធ្វើឡើងក្នុឱកាសនៃពិធីបុណ្យប្រពៃណីធំៗចំនួន២ គឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យជារៀងរាល់ឆ្នាំ។

ក្នុងពិធីសំណេះសំណាលនេះ ក៏មានការចែកជូនអំណោយ ដល់មន្ត្រីរាជការ និងអ្នកចូលរួម ដូចជា អង្ករខ្សាយ ដំណើប ទឹកក្រូច សណ្តែក គ្រឿងឧបរិភោគជាច្រើនមុខទៀតព្រមទាំងថវិកាមួយចំនួនផងដែរ៕