កម្ពុជា-រុស្ស៊ី បង្ហាញឆន្ទៈគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការចលនាអូឡាំពិក ប៉ារ៉ាឡាំពិក និងការទូតកីឡា


(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញាកន្លងទៅ បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយឯកឧត្ដម Annatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាស្នាក់ការរបស់ខ្លួន ខណៈភាគីទាំងពីរ បានបង្ហាញឆន្ទៈគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការចលនាអូឡាំពិក និងប៉ារ៉ាឡាំពិក ក៏ដូចជាការពង្រឹងទំនាក់ទំនងការទូតកីឡាផងដែរ។

ជុំវិញលទ្ធផលនៃជំនួបសវនការនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ជំនួបដ៏សំខាន់នេះ បានផ្ដោតលើកិច្ចសហប្រតិបត្តិការ ទាំងលើចលនាអូឡាំពិកផង និងចលនាប៉ារ៉ាឡាំពិកផង ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមក លើការងារទំនាក់ទំនងការទូតកីឡាផង ។ ក្នុងនោះ ភាគីរុស្ស៊ី ក៏បានត្រៀមគាំទ្រការផ្ដល់អាហារូបករណ៍ដល់និស្សិតកីឡាកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកីឡាឲ្យបានប្រសើរ ដូចអ្វីដែលតំណាងក្រសួងអប់រំ និងចលនាអូឡាំពិកកម្ពុជា បានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីកីឡា និងប្រធានអូឡាំពិករុស្ស៊ី ក្នុងវេទិការសន្និសីទសេដ្ឋកិច្ច ស្ដីពីការទូតកីឡា នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី កាលពីថ្មីៗ។

ក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការលើចលនាអូឡាំពិក រវាងប្រទេសទាំងពីរ ឯកឧត្ដម Annatoly Borovik ក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីកំពុងត្រូវការគាំទ្រពីបណ្ដាប្រទេសសមាជិកចលនាអឡាំពិក នៅក្នុងការទូតកីឡាលើឆាកអន្ដរជាតិ ទាំងចលនាអូឡាំពិក និងប៉ារ៉ាឡាំពិក ហើយកិច្ចការនេះ កម្ពុជានឹងធ្វើការងារជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីឈរលើជំហរតែមួយ ក្នុងការគាំទ្រទៅវិញទៅមក ក្នុងចលនាអូឡាំពិកផង និងប៉ារ៉ឡាំពិកផង រវាងប្រទេសទាំងពីរ។

ទន្ទឹមជាមួយការពង្រឹងទំនាក់ទំនងការទូតកីឡាខាងលើ ឯកឧត្ដម វ៉ាត់ ចំរើន បានចាត់ទុកជាកិច្ចការដ៏សំខាន់ ដ្បិតរុស្ស៊ី គឺជាប្រទេសមានគុណវឌ្ឍិដ៏ខ្ពស់ក្នុងវិស័យកីឡា ។ ដូច្នេះកម្ពុជាអាចរៀនសូត្របានច្រើន ទាំងទ្រឹស្ដី និងការហ្វឹកហាត់ដោយផ្ទាល់ ក៏ដូចជាការសិក្សាអំពីវិទ្យាសាស្ដ្រកីឡា ចិត្ដសាស្ដ្រកីឡា និងការគ្រប់គ្រងកីឡាជាដើម ពីអ្នកជំនាញរុស្ស៊ី ដូចកាលពីអតីតកាល ដែលកម្ពុជាធ្លាប់បានបញ្ជូននិស្សិតជាច្រើន ទៅសិក្សាជំនាញគ្រប់គ្រងកីឡា ជាក់ស្ដែងបច្ចុប្បន្នមានថ្នាក់ដឹកនាំកីឡាកម្ពុជាជាច្រើន ដែលធ្លាប់ជាអតីតនិស្សិតទៅសិក្សានៅរុស្ស៊ី កាលពីកំឡុងទសវត្សរ៍៨០ និង ៩០៕