រដ្ឋមន្ត្រីការពារជាតិកម្ពុជា អនុញ្ញាតឱ្យមេបញ្ជាការបេសកកម្មម៉ាឡេស៊ី និងគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មុនចុះទៅសង្កេតណ៍ការជាក់ស្តែង


ឯកឧត្តមឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម​ IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន បានមកដល់កម្ពុជានារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញ។

ក្រសួងការពារជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) នេះ ដោយចាត់ទុកថា ការអញ្ជើញដល់កម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដែលដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់៕