កុមារនៅទីជនបទកំពុងទទួលការជួយបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាបរទេសដោយឥតគិតថ្លៃ


ក្រចេះ៖ កុមារនៅក្នុងទីជនបទ រួមទាំងកុមារដែលលើសអាយុចូលសិក្សា និងអ្នកបោះបង់ការសិក្សា ១៦០នាក់ បានទទួលការជួយបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ពីសមាគមនិស្សិតមុស្លិមកម្ពុជាក្រោមការឧបត្ថម្ភរបស់អង្គការ Muslime Helfen នៅប្រទេសអាល្លឺម៉ង់ ។

ក្នុងពិធីបិទវគ្គជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស លើកទី១៤ ឆ្នាំ២០២៤ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សចំនួន ១៦០នាក់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នាភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា សមាជិករដ្ឋសភា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមអមដំណើពីសំណាក់ ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ឯកឧត្តម ម៉ាត់ រំម្នី សមាជិកក្រុមប្រឹក្សាខេត្ត លោកមេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ ហាកឹម យុវជនផងដែរ ។

ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ មានចក្ខុវិស័យវែងឆ្ងាយរចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងប្រើប្រាស់ចំណេះដឹងតាមជំនាញ ដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងផលិតភាពការងារ ស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថល ជាគម្រោងផ្នែកអភិវឌ្ឍនធនធានមនុស្សដ៏សំខាន់មួយ ដែលបានផ្ដល់ឱកាស និងលទ្ធភាពរៀនសូត្រ សម្រាប់សិស្សានុសិស្ស និងអ្នកគ្មានជំនាញ កុមារ និងយុវជនក្រៅសាលា កុមារដែលលើសអាយុសិក្សា អ្នកបោះបង់ការសិក្សា បានរៀនកុំព្យូទ័រ និងភាសាអង់គ្លេស ដែលជាជំនាញទន់ ផ្នែកបច្ចេកវិទ្យា ដើម្បីកែលម្អគុណភាព នៃការរស់នៅក្នុងការងារ និងសិក្សាស្រាវជ្រាវនានា ក្នុងបរិបទថ្មី នៃសកលភាវូបនីយកម្ម ផ្នែកបច្ចេកវិទ្យាឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។
ឯកឧត្តមប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ជួយសម្រាលបន្ទុកចំណាយរបស់មាតាបិតា អាណាព្យាបាល កាត់បន្ថយពេលវេលា និងផ្ដល់ភាពងាយស្រួលដល់សិស្ស ជាអ្នកសិក្សាអាចចូលរៀនវគ្គ ព្រោះវគ្គនេះ ត្រូវបានបង្ខិតឲ្យមកជិតក្នុងមូលដ្ឋានផ្ទាល់ ជាមួយពួកគេ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន និងបង់ថ្លៃសិក្សា ។
ជាមួយនេះ ឯកឧត្តម សុះ មុះសិន សង្ឃឹមជឿជាក់ថា សិស្សានុសិស្ស និងកុមារទាំងអស់ នឹងប្រើប្រាស់ជំណេះដឹង និងជំនាញនេះ ដើម្បីពង្រឹង និងសម្រួចនូវការសិក្សារបស់ខ្លួន ទាំងនៅកម្រិតចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សា និងការងារផ្សេងៗ ។
គួរបញ្ជាក់ថា គម្រោងវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសនេះ គឺចាប់ផ្ដើមតាំងពីឆ្នាំ២០១០មក មាននៅខេត្តកំពង់ចាម ខេត្តកំពត ខេត្តកំពង់ធំ និងខេត្តក្រចេះ សរុបសិស្ស និងកុមារចំនួន ២៨១៦នាក់ ហើយ បានសិក្សាវគ្គបណ្ដុះបណ្ដាលនេះ ។ សម្រាប់វគ្គបណ្ដុះបណ្ដាលលើកទី១៤ បានចំណាយថវិកាចំនួនជាង ១៦០០០ដុល្លារ ។