នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត ស្វាយរៀងបានដឹកនាំប្រតិភូរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពនានាជុំវិញខេត្តចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខ័ន្ធអនុសេនីយ៍ត្រី ប្រាក់ ដា បុគ្គលិកបើកបរសោរហ្សឺរ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិសុខបោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីជីវិតដោយសារជំងឺ ក្នុងបេសកកម្ម រក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល ហេីយពិធីបុណ្យបានប្រារព្វធ្វេីនៅគេហដ្ឋានសព ភូមិកណ្ដាល សង្កាត់ចេក ក្រុងស្វាយរៀង។
ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀងទាំងមូល ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំ បំផុត ចំពោះមរណភាពរបស់ អនុសេនីយ៍ត្រី ប្រាក់ ដា ជាបុគ្គលិកបើកបរសាហ្សឺរ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីជីវិត កាលពី ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៦៖៤០នាទីរសៀល ក្នុងជន្មាយុ ៣៩ឆ្នាំ ដោយសារជំងឺក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្នុងនាមឯកឧត្តមអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ នៃខេត្តស្វាយរៀងទាំងមូល សូមសម្តែងនូវសមានទុក្ខ សោកស្តាយ ស្រណោះអាឡោះអាល័យ ជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខ ដោយក្តីសោកសង្វេគរកទីបំផុតគ្មាននេះ ជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ព្រោះថាមរណភាពរបស់ អនុសេនីយ៍ត្រី ប្រាក់ ដា នាពេលនេះ គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត បងប្អូន និងសាច់ញាតិ ជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ដែលកន្លងមក អនុសេនីយ៍ទោ ជាកុលបុត្រ កម្ពុជាដ៏ឆ្នើម ដែលតែងតែលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដែលបានរួមចំណែកលើកតម្កើងកិត្យានុភាពនៃកងកម្លាំងមួកខៀវកម្ពុជាលើឆាកតំបន់ និងអន្តរជាតិ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបាននាំមកនូវបច្ច័យចូលបុណ្យចំនួន២លានរៀល ព្រមទាំងបានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី ប្រាក់ ដា សូមបានចាប់បដិសន្ធិក្នុងសុខគតិភពគ្រប់ៗជាតិ កុំបីឃ្លៀង ឃ្លាតឡើយ។