(ក្រចេះ)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ធុន គ្រី អនុប្រធានអចិន្ត្រៃយ៍ និងក្រុមប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ អនុសាខា យុវជនកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារទាំងអស់នៃសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការ និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ពិធីនេះរៀបចំឡើងគេហដ្ឋាននៃសព ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងវេលាដ៏សែនក្តុកក្តួលនេះ ឯកឧត្តមវេជ្ជ. អ៊ុត សំអាត បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា «ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេកជាមួយនិងលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក និងញាតិសន្តានជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា។ ការលាចាកលោកនាពេលនេះ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាការបាត់បង់ឥស្សរជនមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប ដែលបានបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងមនុស្សជាតិ ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ជាពិសេសក្នុងការអនុវត្តភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនានាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕