(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជេីញជួបសំណេះសំណាល និងនាំយកអំណោយមកចែកជូនដល់ប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ចំនួន ៣៥០គ្រួសារ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួនផ្ដល់ជូនផងដែរ។
ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពអាកាស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពុងឡាច, ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក វន ស៊ីផា អភិបាលស្រុក ថ្នាក់ដឹក នាំកងកម្លាំងមន្ទីរ អង្គភាពជុំវិញខេត្តច្រើនរូបទៀត។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ថាជានិច្ចជាកាលលោកបណ្ឌិតតែងតែបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុតមិនដែលខកខាននោះឡើយ។
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនពលករ និងគ្រួសារវីរយុទ្ធជ ននៅសមរភូមិមុខនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និងផ្ដល់ដំបូន្មានល្អៗដល់ពលករទាំងអស់ពាក់ព័ន្ធនឹងការចាប់ផ្ដើមមុខរបរថ្មី ឬការស្វែងរកការងារធ្វើឱ្យបានសមរម្យនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជ នដែលបានពលីដើម្បីជាតិមាតុភូមិ។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរចំពោះគុណូបការៈដ៏ធំធេងរបស់វីរយុទ្ធជន និងបានផ្ដល់ការគាំទ្រដល់គ្រួសាររបស់វីរយុទ្ធជន តាមរយៈការផ្ដល់ជំនួយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ការជួបសំណេះសំណាលជាមួយប្រជាពលករដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ ជាមួយនឹងថ្នាក់ដឹកនាំនាពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលករដែលបានត្រឡប់មកពីប្រ ទេសថៃ និងគ្រួសារដែលបានលះបង់ដើម្បីជាតិមាតុភូមិនេះជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមសាមគ្គីគ្នា និងការខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពលករក៏ដូចជាគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ រួមទាំងបងប្អូ នប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានត្រូវយក ចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលបានឧបត្ថម្ភជូនដល់បងប្អូនពលករ និងគ្រួសារកងទ័ពជួរមុខទាំង ៣៥០គ្រួសារទទូលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងថវិកាចំនួន ៥មុឺនរៀល៕