ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តសំរោងអណ្តែត និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលពលីជីវិតក្នុងបុព្វហេតុការពារទឹកដី


(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង នៅព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំជាអភិបាលរងរាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សារាជធានី លោកនិងលោកស្រីជាអភិបាល, អភិបាលរងខណ្ឌទាំង១៤ ព្រមទាំងមន្ត្រី និងមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ខណ្ឌសែនសុខ។

នាឱកាសឯកឧត្តម  ឃួង ស្រេង និងលោកជំទាវ រួមជាមួយអភិបាលរងរាជធានី ព្រមទាំងសមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានី បានអញ្ជើញរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតា បិតា ជីដូនជីតា និងញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់វីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំរលាយទៅ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ក្នុងនោះ ក៏បានធ្វើឱ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី១០ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ក៏បានវេប្រគេននូវទ័យវត្ថុ និងគ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែតទៀតផង៕