(ភ្នំពេញ)៖ នៅចំពោះមុខថ្នាក់ដឹកនាំ គណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា) ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានបញ្ជាក់ពីជំហរនិងឆន្ទៈរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។
ការបញ្ជាក់ជំហរនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា លើកទី៤៦ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអនុម័តកម្មវិធី និងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ដោយមានការចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបូរី ថៃ វៀតណាម និងឡាវ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា «កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី ឈរលើយន្តការដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃ វិលទៅរកភាពប្រក្រតីឡើងវិញ។ សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល»។
បន្ថែមពីនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សេចក្តីព្រាងសេចក្តីសម្រេចរបស់កម្ពុជា មានគោលបំណងលើកកម្ពស់សុខសន្តិភាព ការអភិវឌ្ឍនិងសុខដុមនីយកម្មដូចជាសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា មានគោលបំណងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្តថា «អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព»៕