ព្រឹកថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៥ នេះ ៖ រដ្ឋបាលក្រុងព្រៃវែង បានសហការជាមួយមន្ទីរបរិស្ថានខេត្តព្រៃវែង រៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៨ «ស្អាតទឹក ស្អាតដី ស្អាតខ្យល់» ក្រោមអធិបតីភាព លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង នៅបរិវេណសាលាសង្កាត់ជើងទឹក។
ក្នុងឱកាសនោះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង មានមតិសំណេះសំណាល ស្តីពីការប្រារព្ធទិវាសម្អាតពិភពលោកលើកទី៨ «ស្អាតទឹក ស្អាតដី ស្អាតខ្យល់» នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាននិងសហគមន៍។ ហើយការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិក» ។
បន្ថែមពីនេះ សូមអបអរសាទរដល់សង្កាត់ជើងទឹក និងសង្កាត់កំពង់លាវ ដែលបានទទួលជ័យលាភីក្នុងកម្មវិធីចលនាប្រឡងប្រណាំង«ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន។
ជាទីបញ្ចប់ លោកអភិបាលក្រុងព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។
មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរបរិស្ថានខេរ្ត មន្ត្រីរាជការចំណុះរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបួន មេភូមិ អនុភូមិ លោកគ្រូ អ្នកគ្រូ ក្នុវក្រុងព្រៃវែង បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី យុវជនសសយក យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសមាសភាពពាក់ព័ន្ធ សរុបប្រមាណ ៤២៥នាក់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលក្រុងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា។