ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំស្ដីពី ការអនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ពុំ វិត្យា អគ្គនាយករង អ្នកអគ្គនាយកដ្ឋានតប្រវេសន៍ និងដោយមានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ លោកអភិបាលក្រុង-ស្រុក ដែលមានសណ្ឋាគារក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីឱ្យការចុះត្រួតពិនិត្យនេះទទួលបាននូវលទ្ធផលល្អ មន្ទីរទេសចរណ៍ខេត្ត ត្រូវធ្វើការផ្ដល់ឈ្មោះ និងទីតាំងសណ្ឋាគារទាំងអស់ ដែលមាននៅក្នុងមូលដ្ឋានខេត្តកណ្ដាល ដល់ក្រុមការងារ ដើម្បីធ្វើការចុះត្រួតពិនិត្យ និងផ្ដល់ដំណឹងជូនដល់សណ្ឋាគារ ដើម្បីបានត្រៀមខ្លួនផ្ដល់នូវឯកសារ ឬទិន្នន័យដែលក្រុមការងារចង់បាន។ ជាងនេះទៀត អាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការសហការគ្នាឱ្យបានល្អជាមួយក្រុមការងារ ក្នុងការចុះត្រួតពិនិត្យ ធ្វើយ៉ាងណាមិនត្រូវបង្កផលប៉ះពាល់ ឬភាពស្មុគស្មាញដល់អ្នកវិនិយោគនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ត្រូវខិតខំសម្របសម្រួល ឱ្យការចុះត្រួតពិនិត្យនេះទទួលបាននូវលទ្ធផលល្អប្រសើរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ពុំ វិត្យា អគ្គនាយករង អ្នកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ដែរថា៖ ការចុះធ្វើការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសនៅតាមសណ្ឋាគារនៅពេលនេះ គឺដើម្បីជំរុញឱ្យមានការអនុវត្តពេញលេញ នូវច្បាប់ស្តីពីអន្តោប្រវេសន៍ និងអនុវត្តការផាកពិន័យរដ្ឋបាល តាមប្រកាសអន្តរក្រសួង ក្នុងករណីពិនិត្យឃើញថាម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារមិនអនុវត្តច្បាប់។
