អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់ប្រជានេសាទសហគមន៍ស្រីចឹក ក្នុងអំឡុងពេលបិទនេសាទ និងក្នុងអំឡុងរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា


 

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់បងប្អូនប្រជានេសាទ នៃសហគមន៍នេសាទស្រីចឹក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន១០០គ្រួសារ ក្នុងអំឡុងពេលបិទនេសាទ និងក្នុងអំឡុងរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យខកខានចេញទៅនេសាទ។

ពិធីនេះត្រូវបានធ្វើឡើង នៅលើផែសហគមន៍នេសាទស្រីចឹក ភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ដោយបានការចូលរួមពី លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ និងប្រជានេសាទយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​នាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជាពិសេសសម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាព និងជីវភាពរបស់បងប្អូនប្រជានេសាទ ក្នុងអំឡុងពេលបិទនេសាទ និងក្នុងអំឡុងរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យខកខានចេញទៅនេសាទ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បងប្អូន​ប្រជានេសាទ ​សូមកុំពឹងផ្នែកទាំងស្រុង ទៅលើអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច គឺមានតែបងប្អូនប្រជានេសាទនេះហើយ ត្រូវចូលរួមសហការ ​ថែរក្សា និងការពារនៅថ្នាក់មូលដ្ឋាន ទើបអាចកាត់បន្ថយបានបទល្មើស និងធ្វើឱ្យទិន្នផលត្រីយើង កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបានស្នើដល់បងប្អូនប្រជានេសាទ ត្រូវប្រើប្រាស់ឧបករណ៍ណាដែលច្បាប់អនុញ្ញាត និងត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទទ្រង់ទ្រាយធំ លុបបំបាត់ក្រុមក្មេងទំនើងបង្ហោះទូក ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានទាំងអស់គ្នា។

ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ គប្បីប្រុងប្រយត្ន័ចំពោះកូនតូចៗ ត្រូវបន្តថែរក្សាសុខុមាលភាព ដោយត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បើមានករណីអ្វីកើតឡើង ត្រូវជូនដំណឹងមកអាជ្ញាធរដែនដី ដើម្បីឱ្យក្រុមការងារជួយអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានោះ ត្រូវជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដើម្បីវិលមករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗ។

អំណោយរបស់រដ្ឋបាលខេត្ត ដែលត្រូវចែកជូន ដល់បងប្អូនប្រជានេសាទ នៃសហគមន៍នេសាទស្រីចឹក ចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារ អង្ករ១០គីឡូក្រាម មីមួយកេសតូច និងទឹកដោះគោ កុមារតូចៗផងដែរ៕